WHO ចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគគួរឲ្យបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​

បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី​២៧​ ខែវិច្ឆកា​ ឆ្នាំ២០២១នេះ បានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​ ។

បើតាម WHO បានចាត់ទុកថា Omicron ជាប្រភេទមេរោគបំលែងថ្មី​ ដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ដែលតា​ (Delta) ទៅទៀត​។ Omicron ត្រូវបានរកឃើញដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃើញនៅប្រទេស​បុតស្វាណា (Botswana)​, ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) ​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។

ជាមួយគ្នានេះ ថ្មីៗនេះទៀតរកឃើញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វើដំណើរត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងប្រទេសដទៃទៀតដូចជា​ អ៊ីស្រាអែល​ អង់គ្លេស​ បែលហ្សិក។

ការរកឃើញវីរុសបំប្លែងថ្មីខាងលើនេះដែរ បាននិងកំពុងធ្វើឲ្យពិភពលោក ប្រកាសអាសន្នជាថ្មីម្តងទៀត ខណៈប្រទេសកាន់តែច្រើន ដែលមានជើងហោះហើរ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង ខ្លះបានរាំងខ្ទប់ការធ្វើដំណើររួចរាល់ និងខ្លះទៀតកំពុងគិតពិចារណា។

នៅក្នុងកិច្ចប្រជុំរបស់ WHO កាលពីថ្ងៃសុក្រសប្តាហ៍នេះ វេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកគ្រប់គ្រងកម្មវិធីសង្គ្រោះរបស់ WHO បានលើកឡើងថា «វាពិតជាសំខាន់ខ្លាំងណាស់ ដែលយើងទាំងអស់គ្នា មិនត្រូវធ្វើការឆ្លើយណាមួយ ដោយភាពទន់ជ្រាយ»។ លោកក៏បានកោតសរសើរផងដែរ ចំពោះក្រុមអ្នកស្រាវជ្រាវនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដែលអាចរកឃើញមេរោគបំប្លែងថ្មីរបស់ COVID-19 នេះ៕