ឯកឧត្តម គួច ចំរើន អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ បម្រើការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមរបាយការណ៍គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសសិស្ស និស្សិត ចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០ មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន១៣១នាក់ ស្រី៥៤នាក់។ ដោយឡែកបេក្ខជន ដែលបានចូលរួមប្រឡងមានចំនួន ៩៥នាក់ ស្រី ៤៣នាក់ ក្នុងនោះ៖

-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន៦០នាក់ ស្រី ១៧នាក់។ បេក្ខជនបានចូលប្រឡងចំនួន៤៣នាក់ ស្រី ១៣នាក់។

-ក្របខ័ណ្ឌមន្ត្រីក្រមការ បេក្ខជនប្រឡងមានចំនួន ៣៨នាក់ ស្រី ១៧នាក់។ បេក្ខជនបានចូលប្រឡង ២៨នាក់ ស្រី ១៤នាក់។

-ក្របខ័ណ្ឌលេខាធិការរដ្ឋបាលមានចំនួន ៣៣នាក់ ស្រី ២០នាក់។ បេក្ខជនបានចូលរួមប្រឡងមានចំនួន ២៤នាក់ ស្រី ១៦នាក់។

ចំពោះលទ្ធផលប្រឡងចូលបម្រើការងារនៅរដ្ឋបាលខេត្តព្រះសីហនុប្រចាំឆ្នាំ២០២០ មានចំនួន ១០នាក់ ក្នុងនោះនៅសាលាខេត្តព្រះសីហនុ ចំនួន៦នាក់ និងសាលាក្រុងកោះរ៉ុង ចំនួន៤នាក់។

ក្នុងឱកាសបើកវិញ្ញាសារប្រឡងជ្រើសបេក្ខជនបញ្ចូលក្នុងក្របខណ្ឌ័មន្ត្រីរាជការស៊ីវិលក្រសួងមហាផៃ្ទ បម្រើការងារក្នុងរដ្ឋបាលខេត្តព្រះសីហនុ ប្រចាំឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ និងបង្ហាញវិញ្ញាសាដល់បេក្ខជនចូលរួមប្រឡងទាំងបីកម្រិតថា វិញ្ញាសារស្ថិតនៅក្នុងស្រោមបិទជិត គ្មានរហែក គ្មានស្លាកស្នាម ព្រមទាំងមានចុះហត្ថលេខារបស់បេក្ខជន និងគណ:កម្មការកណ្តាលរៀបចំការប្រឡង ហើយការបើកកញ្ចប់វិញ្ញាសារគឺនៅចំពោះមុខបេក្ខជន និងអនុរក្សទៅតាមពេលវេលា និងបន្ទប់ដែលបានកំណត់។

ឯកឧត្តមអភិបាលខេត្តបន្តថា ការប្រឡងនាពេលនេះប្រកបដោយភាពសុក្រិត្យ និងមានតម្លាភាព ដូច្នេះសូមបេក្ខជនទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពរៀងៗខ្លួន និងត្រូវគោរពតាមគោលការណ៍ណែនាំរបស់គណកម្មការប្រឡងឱ្យបានត្រឹមត្រូវ ព្រោះបើយើងមានសមត្ថភាព នឹងប្រឡងជាប់ជាក់ជាមិនខាន ហើយអ្នកដែលបានប្រឡងជាប់សុទ្ធសឹង ជាអ្នកមានសមត្ថភាពដែលអាចចូលបម្រើការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋរបស់យើងបាន៕ ដោយ ៖ ទឹង សុភាព