សម្តេចក្រឡាហោម ស ខេង ផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

តាមសារលិខិតចូលរួមរំលែកទុក្ខ, សម្តេចក្រឡាហោមមានសេចក្តីរន្ធត់ តក់ស្លុត និងសង្វេគសោកស្តាយឥតឧបមា ចំពោះដំណឹង ដ៏ក្រៀមក្រំនៃការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ សម្តេចចាត់ទុកការយាងសោយព្រះទិវង្គតរបស់ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការ បាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាច នឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យបំផុតនេះ ទូលព្រះបង្គំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូម ចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជបុត្រាបុត្រី និងសូមឧទ្ទិសបួងសួងនូវ ព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅ កាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមព្រះអង្គម្ចាស់ក្សត្រិយ៍ និងព្រះរាជបុត្រាបុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស ទទួលនូវ សេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ។

សូមជម្រាបថា ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ៕