តម្លៃ​ប្រេង​ហក់​ឡើង​វិញ​ ក្រោយ​ធ្លាក់ចុះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ​​ក្នុង​សប្ដាហ៍​មុន

វ៉ាស៊ីនតោន​ ៖ តម្លៃ​ប្រេងបាន​បន្ត​កើន​ឡើងវិញនៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់ពី​ធ្លាក់ចុះកាលពី​ថ្ងៃ​សុក្រ ប្រហែល ១០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈដែល​អ្នកវិនិយោគ​បាន​នឹង​កំពុង​ស្វែងរក​ការចរចា ប៉ុន្តែ​នៅតែមាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ផ្តោតទៅលើ​ការប្រែប្រួល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី Omicron ជាធំ​។​

ប្រេង​ឆៅ​របស់ Brent បាន​កើនឡើង ៣.០៥ ដុល្លារ ឬ ៤.២ ភាគរយ ក្នុង​មួយ​បារ៉ែល​ត្រឹម​ម៉ោង បន្ទាប់ពី​ធ្លាក់ចុះ ៩.៥០ ដុល្លារ កាលពី​ថ្ងៃ​សុក្រ​។​ ដោយឡែក ប្រេង​ឆៅ​របស់​អាមេរិក West Texas Intermediate (WTI) បាន​កើនឡើង ៣.២៧ ដុល្លារ ឬ៤.៨ ភាគរយ ក្នុង​មួយ​បារ៉ែល បន្ទាប់ពី​ធ្លាក់ចុះ ១០.២៤ ដុល្លារ​ក្នុង​សប្ដាហ៍​មុន​។​

តម្លៃ​ប្រេង បាន​ធ្លាក់ចុះ​រួមគ្នា​ជាមួយនឹង​ទីផ្សារ​ហិរញ្ញវត្ថុ​ផ្សេងទៀត កាលពី​ថ្ងៃសុក្រ ដោយ​ច្រើនជាង ១០ ភាគរយ ដែលជា​ការធ្លាក់ចុះ​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ត្រឹមតែ១ថ្ងៃ ចាប់តាំងពី​ខែមេសា ២០២០ ដោយសារ​វីរុស​កូ​វីដ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​ថា អតិរេក​ផ្គត់ផ្គង់​អាច​កើនឡើង​នៅក្នុង​ត្រីមាស​ទីមួយ​។​

លោក Hiroyuki Kikukawa អ្នកគ្រប់គ្រង​ទូទៅ​នៃ​ការស្រាវជ្រាវ​នៅ Nissan Securities បាន​និយាយថា មានការ​កែតម្រូវ​ការ​ទិញ​លើ​ទស្សនៈ​ដែលថា ទីផ្សារ​ប្រេង​ត្រូវបាន​លក់​លើស​កាល​ពីស​ប្តា​ហ៍​មុន និង​ការរំពឹងទុក​ថា OPEC+ អាច​នឹង​ចាត់វិធានការ​ប្រឆាំងនឹង​វីរុស​ប​ម្លែ​ង​ថ្មី Omicron ដែល​អាចជា​កត្តា​នាំ​ឲ្យ​មានការ​កាត់បន្ថយ​ទិន្នផល​របស់ខ្លួន​ផងដែរ​។​

សូមជម្រាបថា តម្លៃ​ប្រេង​មានការ​ហក់​ឡើងវិញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់ពី​បាន​ធ្លាក់ចុះ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពោលគឺ​ធ្លាក់​បាន​រយៈពេល៣ថ្ងៃ​៕