អភិបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង បានអំពាវនាវប្រជាពលរដ្ឋ សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ហើយក្រោយទទួលបានវ៉ាក់សាំងរួចត្រូវតែបន្តប្រកាន់ខ្ជាប់នូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ថ្លែងក្នុងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ស្ថិតនៅមណ្ឌលសុខភាពបាសាក់  ភូមិតារាងបាល់  សង្កាត់គយត្របែក  ក្រុងស្វាយរៀង នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុងក្រុងស្វាយរៀង មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១២  ខែធ្នូ ឆ្នាំ២០២១ ដែលមានចំនួន ២ទីតាំង គឺមណ្ឌលសុខភាពសង្ឃ័រ  សង្កាត់សង្ឃ័រ  និងមណ្ឌលសុខភាពបាសាក់  សង្កាត់គយត្របែក។

សូមជម្រាបថា អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានឯកឧត្ដមអភិបាលរងខេត្ត  លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងជាច្រើនរូបទៀត៕ ដោយ ៖ ភក្តី