កម្ពុជាសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវជំងឺកូវីដ បំប្លែងខ្លួនថ្មី Omicron

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី៕