​ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៤.៣០៦​ករណី​ទៀត ​និង​ស្លាប់​៣៧នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

​បាងកក ៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​បានប្រកាសបន្តរកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៤.៣០៦​ករណី និង​អ្នកស្លាប់​ចំនួន៣៧ នាក់​ទៀត ​ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok post។

​បើតាមក្រសួងសុខាភិបាល​សាធារណៈ​ថៃបញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ចន្ទ​មាន​ចំនួន ៤,៧៥៣​ករណី នៅពេលដែល​ប្រទេស​នេះ​បាន​កត់ត្រា​ការស្លាប់​ចំនួន ២៧​នាក់​។​ដោយឡែក​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ៦,៤០៧ នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាប​ថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេលដែល​រលក​ទី​៣​នៃ​ជំងឺ​កូ​វីដ​១៩​បានចាប់ផ្តើម ប្រទេស​ថៃ​មាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ២,០៨៧,០០៩ នាក់ ដែល​ក្នុងនោះ ១,៩៩២,០០២ នាក់​បានជា​សះស្បើយ​។ ​ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ២០,៦៧៧ នាក់​ក្នុងអំឡុងពេល​រលក​ទី​៣ និង ២០,៧៧១​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕