អូស្ត្រាលីពន្យារពេល​បើក​ព្រំដែន​ឡើងវិញ ដោយសារ​បារម្ភ​ចំពោះ​វីរុស​ប​ម្លែ​ង​ថ្មី Omicron

ស៊ីដនី ​៖ រដ្ឋាភិបាល​អូស្ត្រាលីបាន​ឲ្យ​ដឹងកាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ពន្យារពេល​លើ​ការបើក​ឡើងវិញ​នៃ​ព្រំដែន​អន្តរជាតិ​រយៈពេល២សប្តាហ៍​បន្ថែមទៀត រហូតដល់​ថ្ងៃទី១៥ ខែធ្នូ ទើប​សម្រេច​ជាថ្មី​ម្ដងទៀត ខណដែល​អាជ្ញាធរ​អូស្ត្រាលីបាន​វាយតម្លៃ​ចំពោះ​ហានិភ័យ​នៃ​ការប្រែប្រួល​របស់​វីរុស​ប​ម្លែ​ង​ថ្មី Omicron ។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ច័ន្ទ រដ្ឋាភិបាល​អូស្ត្រាលីបាន​ឲ្យ​ដឹងថា ការផ្អាក​បណ្តោះអាសន្ន​នេះ​នឹង​ធានា​ឲ្យ​បាន​ថា អូស្ត្រាលី​អាច​ប្រមូលបាន​ព័ត៌មាន​ឲ្យ​កាន់តែច្បាស់​ណាមួយ​អំពី​វីរុស​ប​ម្លែ​ង​ថ្មី Omicron ផងដែរ​។

រដ្ឋាភិបាល ក៏បាន​គ្រោង​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​តាម​ច្រកព្រំដែន​របស់ខ្លួន នៅ​ថ្ងៃពុធដើម្បី​អនុញ្ញាតឱ្យ​អ្នក​កាន់​ទិដ្ឋាការ​មាន​សិទ្ធិ​ចូល រួមទាំង​កម្មករ​ជំនាញ និង​និស្សិត​អន្តរជាតិ ព្រមទាំង​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​។​ ទន្ទឹមនោះ អាជ្ញាធរ ក៏បាន​នឹង​កំពុង​ស្វែងរក​ការបង្កើន​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស Omicron ផងដែរ និង​សិក្សារ​កថា​តើ​វា​អាចបង្កើត​រោគសញ្ញា​ធ្ងន់​ជាង​មុន និង​កម្រិត​នៃ​ការចម្លង​របស់​វា​ខ្លាំង​ដែរឬទេ​។​

សូមជម្រាបថា អូស្ត្រាលី គឺជា​ប្រទេសមួយ​ស្ថិតក្នុង​ចំណោម​ប្រទេស​មួយចំនួន រួមទាំង​ប្រទេស​អង់គ្លេស កាណាដា និង​អាល្លឺម៉ង់ ដែល​បាន​រកឃើញ​ពី​ករណី​ឆ្លង​នៃ​វីរុស Omicron នេះ បន្ទាប់ពី​ករណី​ដំបូង​ត្រូវបាន​រាយការណ៍​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​អាហ្វ្រិក​ខាងត្បូង កាលពី​សប្តាហ៍​មុននេះ​៕