ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធសហការគ្នាសម្របសម្រួលលើបញ្ហាលោក ឯម រៀម ដើម្បីស្វែងរកចំណុចរួម

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានលើកឡើងថា បញ្ហាការស្លៀកពាក់របស់លោក ឯម រៀម កំពុងធ្វើឱ្យក្លាយជាការបញ្ចេញយោបល់ខ្វែងគ្នាជាច្រើន។ ឯកឧត្តម ហ៊ុន ម៉ានី យល់ថា ដើម្បីកុំឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឯកឧត្តមស្នើដល់សាធារណជនស្វែងយកបន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត ខណៈក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធចូលរួមសហការសម្របសម្រួលលើកិច្ចការនេះដើម្បីរកចំណុចរួមដែលជាប្រយោជន៍សម្រាប់ជាតិវិញ។

ការបញ្ចេញទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានការជជែក វែកញែកគ្នា និងរិះគន់ចំពោះការច្នៃសម្លៀកបំពាក់របស់លោក ឯម រៀម បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ឯកឧត្តម ឯម រៀម ត្រូវបានគេស្គាល់ថា ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់មួយរូប ដែលបញ្ចប់ការសិក្សាមកពីបរទេស។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេកឯកឧត្តម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះថា «ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។

ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។

ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា»។

សូមជម្រាបថា នៅប៉ុន្មានថ្ងៃមកនេះមានការផ្ទុះការចាប់អារម្មណ៍លើអ្នកច្នៃម៉ូតម្នាក់ឈ្មោះ ឯម រៀម ភេទប្រុសដែលបានច្នៃម៉ូតពាក់អាវមិនចំអាវ រ៉ូបមិនចំរ៉ូប រងការរិះគន់ជាខ្លាំង ខណៈអ្នកគាំទ្រលោក ឯម រៀម ថា នេះជាសិល្បៈនៃការច្នៃម៉ូដបែបសហសម័យ៕