រដ្ឋបាលខេត្តព្រះសីហនុរៀបចំពិធីប្រតិស្ឋអធិដ្ឋានសិលាបដ្តបណ្តាសា នៅពយអូរឈើទាល សាបសិលា និងសិលាចាំស្នេហ៍នៅតាមបណ្តោយឆ្នេរអូរឈើទាល

ខេត្តព្រះសីហនុ ៖ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទរៀបចំពិធីប្រតិស្ឋអធិដ្ឋាន សិលាបដ្តបណ្តាសា នៅពយអូរឈើទាល សាបសិលា និងសិលាចាំស្នេហ៍ ស្ថិតនៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុនាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្វីទៅជាបណ្តាសា?

យោងតាមវចនានុក្រមខ្មែរ បានពន្យល់ថា ជាពាក្យផ្តន្ទា ពាក្យជេរប្រទេច ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច។ ពាក្យបណ្តាសានេះត្រូវនឹងពាក្យប្រើក្នុងសិលាចារឹក បុរាណថា គាប, សាប ឬ សាបថ ពាក្យនេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរបុរាណ។ គេឃើញវត្តមានពាក្យបណ្តាសា  មាននៅក្នុងសិលាចារឹកបុរាណតាំងពីស.វ.ទី៧មក ហើយពាក្យ បណ្តាសានេះ ត្រូវបានប្រើយ៉ាងទូលំទូលាយបំផុត និងមានសិលាចារឹកជាច្រើនត្រូវបានបញ្ចប់

ដោយពាក្យបណ្តាសា ដើម្បីថែរក្សារបស់ទ្រព្យសាធារណៈឱ្យគង់វង្ស និងគោរពដល់អ្នកដែលបាន បរិច្ចាគធនធាន និងកម្លាំងដើម្បីសាងរបស់នោះជាប្រយោជន៍ ទើបគេដាក់បណ្ដាសាដល់បុគ្គល ឬក្រុមណាដែលបំពានធ្វើឱ្យខូចប្រយោជន៍សាធារណៈ។ ប៉ុន្តែនៅសម័យបុរាណពាក្យថា គាប ឬ សាប ឬ សាបថ ដែលប្រែថាបណ្តាសា មិនមានតម្លៃស្មើនឹងពាក្យជេរប្រទេចផ្តាសានោះទេ តែមានតម្លៃជាក្រមសីលធម៌សង្គមនាសម័យកាលនោះតែប៉ុណ្ណោះ ហើយពាក្យបណ្តាសាត្រូវបានគេចារឹកឡើង ដើម្បីធ្វើជាសេចក្តីប្រកាសប្រាប់ដល់ជនានុជននានា កុំឱ្យប្រព្រឹត្តបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬរបស់ប្រាសាទជាដើម ជាការប្រកាសដោយម៉ឺងម៉ាត់ ដាច់ខាត ប្ដឹងប្រាប់ដល់ធម្មជាតិ មនុស្ស ទេវតា បារមី និងវត្ថុស័ក្តិសិទ្ធទាំងឡាយ ឱ្យបានដឹង និងជាការដាក់ទោសទណ្ឌតាមបែបធម្មជាតិបើសិនបុគ្គលណាដែលបំពាន ផ្ទុយទៅវិញ ក៏ឱ្យពរជ័យចំពោះនរជនណាដែលចូលរួមថែរក្សា អភិវឌ្ឍទ្រព្យសម្បត្តិសាធារណៈទាំងនោះ ឱ្យបានចម្រើនរុងរឿងគង់វង្សឡើងជាដរាបដែរ។

ពាក្យបណ្តាសាសម័យបុរាណ ត្រូវបានគេសសេរឡើងដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីអំពើបាប ត្រូវលះបង់សូម្បីតែព្រះរាជាក៏ត្រូវអនុវត្តដូចជាប្រជាជនទូទៅដែរ។ ចំពោះអំពើបាបវិញ មិនមែនបាបតែអ្នកប្រព្រឹត្តនោះទេ អ្នករួមគំនិត ក៏ត្រូវទទួលបាបកម្មដែរ ក្នុងសិលាចារឹកមានបញ្ជាក់ដល់ម្តាយឪពុកក៏មានបាប ដោយមិនបានប្រៀនប្រដៅកូនឱ្យបានល្អ។ ចំពោះអ្នកដែលបំពាន នឹងត្រូវទទួលទោសទណ្ឌ គឺជាច្បាប់របស់ប្រទេសតាមផ្លូវលោក ហើយនឹងទទួលនូវអំពើបាបផ្សេងៗ ជាច្បាប់នៃសាសនាតាមផ្លូវព្រះធម៌ផងដែរ។

ពិធីប្រតិស្ឋអធិដ្ឋាន សិលាបណ្តាសានៅពេលនេះ ជាការតាំង ឬតម្កល់ផ្ទាំងសិលាចារឹកដែលមាន ពាក្យផ្តន្ទា ចារឹកលើផ្ទៃផ្ទាំងសិលា ឱ្យស្ថិតនៅ ឱ្យតាំងនៅយូរអង្វែង កុំឱ្យសេចក្តីវិនាសទាំងឡាយ មានវិនាសដោយសារគេបំផ្លាញជាដើម និងតាំងជាវត្ថុស័ក្តិសិទ្ធិ យូរអង្វែងក្នុងទីឋាននេះ មិនឱ្យមានអ្នកលួច ឬអ្នកបន្លំ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាការតម្កល់ សិលាចារឹកបណ្តាសា នៅតាមឆ្នេរខេត្តព្រះសីហនុ ជាប្រការមួយដែលបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋ ប្រកាសប្រាប់ដល់សាធារណជនបានជ្រាបអំពីការគិតគូដល់ប្រយោជន៍សាធារណៈដែលកន្លងមកតែងមានការកេងប្រវញ្ច រំលោភបំពាន ធ្វើឱ្យបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។ ម៉្យាងវិញទៀតដីឆ្នេរមួយភាគ ត្រូវបានទទួលមកវិញដោយការបរិច្ចាគពីម្ចាស់ទ្រព្យ ដែលបានបង្ហាញពីការចូលរួមដោយពេញលេញ។ ជាមួយនឹងការអភិវឌ្ឍសង្គម ហើយអ្នកទាំងនោះក៏តែងមានការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែង ទ្រព្យទាំងនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃវិញ ទើបការសាងសិលាចារឹកបណ្តាសានេះ ធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋ ដើម្បីបម្រើដល់ប្រយោជន៍មហាជន។

ដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញជាច្រើន ដើម្បីកសាងបាននូវសមិទ្ធិផលទាំងអស់នេះ ទុកជាប្រយោជន៍សាធារណៈបានយូរអង្វែងតទៅ និងសូមដាក់បណ្តាសាសម្រាប់ជនទាំងឡាយណា ដែលមានចេតនា ប៉ុនប៉ងបំភ្លេចបំផ្លាញធ្វើឱ្យខូចខាត បាត់បង់ទ្រព្យ សម្បត្តិសាធារណៈរបស់យើងទាំងអស់នេះ សូមត្រូវបណ្តាសាដែលមានចារឹកក្នុងផ្ទាំងសិលានៅទីនេះ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា សមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ៕ ដោយ ៖ ទឹង សុភាព