
ស្លាប់ និងរបួសរាបសិបនាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងវិហារអ៊ីស្លាមនៅអាហ្វហ្គានីស្ថាន
កាប៊ុល ៖ មនុស្សយ៉ាងតិច៤៧នាក់បានស្លាប់ និង៧០នាក់ផ្សេងទៀតរងរបួសដែលជានិកាយជនជាតិភាគតិច បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត វាយប្រហារវិហារអ៊ីស្លាមស៊ីអ៊ីត (Shi’ite) មួយកន្លែង នៅទីក្រុងកានដាហា (Kandahar) ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ ដែលនេះជាសប្តាហ៍ទី២ ជាប់ៗគ្នាហើយ ដែលក្រុមសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែកនៅក្នុងវិហារប្រារព្ធពិធីធ្វើអធិដ្ឋានដល់អាទិទេពនៅអាហ្វហ្គានីស្ថាន។
អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ប្រចាំនៅទីក្រុងកាន់ដាហារ (Kandahar) បានឲ្យដឹងថា ឃាតករដែលធ្វើការវាយប្រហារអត្តឃាតនៅវិហារអ៊ីស្លាមស៊ីអ៊ីត (Shi’ite) នោះមានចំនួន ៣ នាក់ ដែលម្នាក់ក្នុងចំណោមនោះបានបំផ្ទុះខ្លួនឯង នៅច្រកចូលវិហារអ៊ីស្លាម ហើយ ២ នាក់ផ្សេងទៀតបានបំផ្ទុះគ្រាប់បែករបស់ពួកគេនៅខាងក្នុងវិហារយកតែម្ដង។
ទីក្រុងកាន់ដាហា (Kandahar) នេះគឺជាស្រុកកំណើតរបស់ពួកតាលីបង់ ដែលបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ នៅក្នុងប្រទេស បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីពាក់កណ្តាល ខែសីហា កន្លងទៅនេះ។
កាលពីសប្ដាហ៍មុន នៅថ្ងៃសុក្រដូចគ្នានេះ ក៏មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងវិហារអ៊ីស្លាមមួយកន្លែង នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានដែល ដោយបានសម្លាប់មនុស្សយ៉ាងតិច ៥០ នាក់។ ប៉ុន្តែការបំផ្ទុះគ្រាប់បែក កាលពីសប្ដាហ៍មុននេះ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រឆាំងក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវនេះហើយ៕