លោកជំទាវ ឱ វណ្ណឌីន ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្តេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគី និងវិស័យឯកជនដោយមានកិច្ចសហការ យ៉ាងមុតមាំដើម្បីកសាងទំនុកចិត្តសាធារណៈទៅលើវ៉ាក់សាំងកូវីដ១៩។

កិច្ចប្រជុំពិសេសលើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក គឺជាកិច្ចប្រជុំបន្ទាន់ ពិសេសលើកទី២ ដែលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកមួយក្នុងចំណោម ប្រទេសជាសមាជិក ១៩៤បានចូលរួម។ កិច្ចប្រជុំមានគោលបំណងពិភាក្សាស្វែងរកផលប្រយោជន៍ ក្នុងការបង្កើតអនុសញ្ញានៃអង្គការសុខភាពពិភពលោក ក៏ដូចជាកិច្ចព្រមព្រៀង ព្រមទាំងរៀបចំយុទ្ធោបករណ៍សម្រាប់ប្រើប្រាស់ជាអន្តរជាតិ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបបន្ទាន់ចំពោះគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ៕