កម្ពុជា៖ អាមេរិក ចេញរបាយការណ៍ស្ដីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានលាតត្រដាងយ៉ាងជាក់ស្តែង ពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបង្ហាញការខកចិត្តចំពោះរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២» ដែលមានលក្ខណៈរើសអើង លម្អៀង និងជារបាយការណ៍ដែលពុំមានការផ្អែកលើការពិតក្រោមហេតុផលនយោបាយ។

ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍រៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលមាន ៣៩ទំព័រ។ ត្រង់ទំព័រទី១ នៃរបាយការណ៍បានបញ្ជាក់អំពីការរិះគន់របស់អ្នកសង្កេតការណ៍អន្តរជាតិ រួមទាំងរដ្ឋាភិបាលបរទេស និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលថាការបោះឆ្នោតកន្លងមកថា មិនសេរី ឬយុត្តិធម៌ និងមិនមែនជាតំណាងឆន្ទៈរបស់ប្រជាពលរដ្ឋ។

ក្នុងទំព័រទី១ ក្រសួងការបរទេសអាមេរិកបានបង្ហាញទៀតថា មានរបាយការណ៍គួរឱ្យជឿជាក់ដែលថាមន្ត្រីរដ្ឋាភិបាល រួមទាំងប៉ូលីសបានប្រព្រឹត្តការរំលោភបំពាន និងអំពើពុករលួយដោយនិទណ្ឌភាព ហើយក្នុងករណីភាគច្រើនរដ្ឋាភិបាលបានចាត់វិធានការតិចតួច ឬគ្មាន។ មន្ត្រីរដ្ឋាភិបាល និងសមាជិកគ្រួសាររបស់ពួកគេ ជាទូទៅមានអភ័យឯកសិទ្ធិក្នុងការកាត់ទោស។

អ្នកនាំពាក្យបានឆ្លើយតបថា របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែល ផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុណ្ណិ របស់ប្រភពទាំងនោះគួរឱ្យសង្ស័យពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។

អ្នកនាំពាក្យបានតបថា ការចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅ «មានកំហុសធ្ងន់ធ្ងរ» គឺបង្ហាញថាខុសពីការវាយតម្លៃដោយក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងភ្នាក់គណបក្សបក្សសរុបជាង ១៥ម៉ឺននាក់ ដែលចាត់ទុកការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌យុត្តិធម៌ គ្មានអំពើហិង្សា តម្លាភាព និងប្រជាធិបតេយ្យ។

ជាមួយគ្នានេះអ្នកនាំពាក្យក៏បាននិយាយថា សូម្បីប្រទេសស្វីសក៏បានចាត់ទុកលទ្ធផលបោះឆ្នោតនេះថា ជា «ការវិលត្រឡប់មួយផ្នែកទៅ«កាន់ពហុបក្ស»។ អ្នកនាំពាក្យបានថ្លែងថា៖«ការលាបពណ៌ ថា «គណបក្សចំនួន១៦ ក្នុងចំណោមគណបក្សចំនួន១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ជា អាយ៉ង់របស់គណបក្សប្រជាជនកម្ពុជា» គឺបានរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិនយោបាយ ប្រសិនបើមិនមែនជាការប្រមាថទាំងស្រុងចំពោះគណបក្សទាំងនោះ។ ជម្រើស និងសំឡេងរបស់គណបក្សទាំងនោះ ត្រូវតែគោរពជាដាច់ខាត»។

អ្នកនាំពាក្យបន្តថា អាមេរិកធ្វើរបាយការណ៍ដោយបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។

ទន្ទឹមនេះក្នុងរបាយការណ៍ក៏មិនបានរៀបរាប់ពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្មវិធីគាំពារសង្គម កំណើនអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ ការកាត់បន្ថយមរណភាពមាតានិងទារក ព្រមទាំងវឌ្ឍនភាពជាច្រើនក្នុងកំណែទម្រង់ប្រព័ន្ធតុលាការ និងផ្លូវច្បាប់ក្នុងការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមតុលាការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងទប់ស្កាត់អំពើទារុណកម្ម។

អ្នកនាំពាក្យបានពោលថា សហរដ្ឋអាមេរិកដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូនជាដើម។ល៕