ស្ថានភាព​នៃ​ការតវ៉ា​នៅ​បារាំង​ធ្លាក់ចូល​ក្នុងដំណាក់កាល​ដែល​មិនអាច​គ្រប់គ្រង​បាន​

ប៉ារីស៖ អាជ្ញាធរ​បារាំង​បាន​តស៊ូ​កាល​បង្ក្រាប​ការតវ៉ា​ប្រឆាំងនឹង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​របស់​ប្រធានាធិបតី Emmanuel Macron ។ បាតុករ​ជាង​មួយ​លាន​នាក់​បាន​ដើរ​តាម​ដងផ្លូវ​ទូទាំងប្រទេស​ក្នុង​អ្វីដែល​ប្រភព​សន្តិសុខ​មួយចំនួន​ពណ៌នា​ថា​ជា “​ការបះបោរ​” ប្រឆាំងនឹង​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉ារីស ហើយ​ធ្លាក់​ក្នុងដំណាក់កាល​ដែល​មិនអាច​គ្រប់គ្រង​បាន​។​

គួររម្លឹកថា មកដល់ពេលនេះ​មាន កម្មករ​រាប់លាន​នាក់​បានធ្វើ​កូដកម្ម ហើយ​បាតុករ​បាន​បិទ​ការដឹកជញ្ជូន​សាធារណៈ សាលារៀន និង​រោងចក្រ​ចម្រាញ់​ប្រេង​និង​ទីតាំង​សំខាន់ៗ​មួយចំនួនទៀត​។ ក្នុងការ​ប៉ុនប៉ង​បំបែក​ការតវ៉ា ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក និង​ដំបង​។ នៅក្នុង វីដេអូ​ដែល​ធ្វើឡើង​ជុំគ្នា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បានបង្ហាញ​ពី​មន្ត្រី​យោធា​និង​រថពាសដែក​យ៉ាងច្រើន​កំពុង​ព​ទ្ធ័​និង​បង្ក្រាប​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ​។​

ចំណែក​វីដេអូ​ផ្សេងទៀត​បានបង្ហាញ​ពី​រនាំង​ដែល​កំពុង​ឆេះ​នៅតាម​ដងផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស​។ ច្រកចូល​សាលាក្រុង​ក្នុង​ទីក្រុង Bordeaux ដែលជា​រដ្ឋធានី​ក្នុង​តំបន់​នៃ Nouvelle-Aquitaine ត្រូវបាន​ដុតបំផ្លាញ​នៅ​ចំណុច​មួយ ខណដែល​ក្រុមបាតុករ​បានបង្ហាញ​នូវ​កំហឹង​ពុះពោរ​។​

តាម​ពត៌មាន​ដែល​បាន​ផ្សព្វផ្សាយ យ៉ាងហោចណាស់​ក៏មាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​មួយក្រុម​បាន​ប្តូរ​ជំហរ​របស់​ពួកគេ ហើយ​មក​ចូលរួម​ជាមួយ​បាតុករ​ថែមទៀត​។ សាក្សី​ជាច្រើន​នាក់​បាន​ពណ៌នា​អំពី​ស្ថានភាព​នេះ​ថា អាជ្ញាធរ​ប្រហែលជា​អស់​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ក្រុមបាតុករ​។​ ទន្ទឹម​នោះ​ក៏មាន​ការលើក​ទ្បើង​ថា នោះ​ជាការ​ផ្ទុះ​សង្គ្រាម​នៅ​ទីក្រុង​ប៉ារីស ព្រោះ​វា​នឹង​ឈានដល់​ការបង្ហូរ​ឈាម បើ​គ្មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​

រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក Garald Darmanin បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា មន្ត្រីប៉ូលិស និង​អាវុធហត្ថ​ជិត ១៥០​នាក់​បាន​រងរបួស ខណដែល​លោក​បាន​ហៅ​ទង្វើ​នេះ​ថា “​មិនអាច​ទទួលយកបាន​” និង​ទាមទារ​ឱ្យមាន​ការផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​វាយប្រហារ​។​

លោក Darmanin ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មនុស្ស ១៧២ នាក់​ត្រូវបាន​ចាប់ឃុំខ្លួន ដើម្បី​សាកសួរ​អំពី “​ការ​លួច និង​ដុត​” នៅ​ទីក្រុង​ប៉ារីស ហើយ​ភ្លើង​បាន​ឆាបឆេះ​នូវ ១៩០ ទីតាំង​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​បារាំង ដែល​ដុត​ដោយ​ក្រុមបាតុករ ។​លោក​ថា មកដល់ពេលនេះ​ទីតាំង​ចំនួន ៥០ កន្លែង​នៅតែ​ឆេះ​នៅ​ទ្បើ​យ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្តីបន្ទោស​ជន​អនាធិបតេយ្យ “​ឆ្វេង​ជ្រុល​”​និយម និង​“​ប្លុក​ខ្មៅ​” ជា​ក្រុម​បង្ករ​អំពើ​ហឹ​ង្សា​ដ៏​អាក្រក់​បំផុត​នាពេលនេះ​។ ទន្ទឹម​នោះ​មន្ត្រីប៉ូលិស​ក៏បាន​ប៉ាន់ប្រមាណ​ថា មាន​បាតុករ​យ៉ាង​តិចជាង​មួយ​លាន​នាក់​កំពង់​ស្ថិតនៅតាម​ដងផ្លូវ​។​

សូមជម្រាបថា ការផ្ទុះ​ឡើង​នៃ​ការមិន​ពេញចិត្ត ត្រូវបាន​បង្កឡើង​ដោយ​ការប្រកាស​របស់លោក​ប្រធានាធិបតី Macron ដែលថា​អាយុ​ចូលនិវត្តន៍​នឹងត្រូវ​លើកឡើង​ពី​អាយុ ៦២ ទៅ ៦៤ ឆ្នាំ​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។ លោក Macron ក៏បាន​ទទូចថា​ការផ្លាស់ប្តូរ​នេះ​គឺ​ចាំបាច់ បើ​មិន​ដូច្នេះ​ទេ​ប្រព័ន្ធ​សោធន​និវត្តន៍​នឹង​ក្ស័យធន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕