ព្រះអគ្គិជ័យកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្តដំណើរទៅដល់ហ្វីលីពីន

ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយ និងមានការអញ្ជើញទទួលដោយលោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា និងលោក CARL IRVING SAMABRNO អនុប្រធានគណៈកម្មការជាតិអូឡាំពិតហ្វីលីពីន នាទីក្រុងម៉ានីល នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

ដំណើរគោចរព្រះអគ្គិជ័យកីឡាក្នុងតំបន់អាស៊ាននេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAGOC និងប្រតិភូសរុបចំនួន ៩រូប ដែលនេះជាប្រទេសតំបន់អាស៊ានទី២។

ចំពោះពិធីដង្ហែទៅកាន់បណ្ដាប្រទេសតំបន់អាស៊ាន និងទីម័រខាងកើត ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយផ្ដើមពីប្រទេសវៀតណាម រហូតដល់ប្រទេសឡាវក្រោយគេ មុនដង្ហែចូលកម្ពុជាវិញ តាមច្រកព្រំដែនអន្ដរជាតិខេត្តស្ទឹងត្រែង៕