ឥណ្ឌា​បើកទទួល​ភ្ញៀវទេសចរ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩គ្រប់ដូស​ ខណៈករណី​ឆ្លង​ធ្លាក់ចុះ​

ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ការទទួល​ភ្ញៀវទេសច​រណ៍ប​រទេស ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ បាន​ពេញលេញ ដោយ​ក្នុងការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត ខណៈដែល​ករណី​ឆ្លង​នៅក្នុង​ប្រទេស​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

ការសម្រេចចិត្ត​នេះ​ត្រូវបាន​ប្រកាស កាលពី​ដើមខែ​នេះ ដោយ​ក្រសួងមហាផ្ទៃ​ឥណ្ឌា ស្រប​ពេលដែល​ការឆ្លង​ប្រចាំថ្ងៃ​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះក្រោម ២០.០០០ នាក់​ពី​កម្រិត​ខ្ពស់បំផុត​ចំនួន ៤០០.០០០ នាក់​នៅក្នុង​ខែ ឧសភា ហើយ​ប្រជាជន​ភាគច្រើន​ទទួល​ការចាក់​វ៉ាក់សាំង​បាន​ពេញលេញ

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឥណ្ឌា បាន​និយាយ កាលពី​ថ្ងៃ​សុក្រ​ថា ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាមរយៈ​ជើងហោះហើរ​ឥណ្ឌា​ទាំងអស់ អាច​ចូលមក​ក្នុងប្រទេស​ឥណ្ឌា​បាន ចាប់ពី​ថ្ងៃទី ១៥ ខែវិច្ឆិកា ខាងមុខនេះ​។​

នេះ​ជា​លើកដំបូង​ហើយ ដែល​ប្រទេស​ឥណ្ឌា​បាន​អនុញ្ញាតឱ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​អា​ច​ចូលមកក្នុង​ប្រទេស​បាន ចាប់តាំងពី​ខែ មីនា ឆ្នាំ ២០២០ នៅពេលដែល​ប្រទេស​នេះ​បាន​ដាក់ចេញ​នូវ​វិធាន​ការបិទ​ប្រទេស​ជា​លើកដំបូង ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ បាន​ផ្ទុះឡើង​ខ្លាំង​ក្នុងប្រទេស​។ វា​នៅ​មិនទាន់​ច្បាស់​ទេ​ថា​តើ​ភ្ញៀវ​ទេសចរណ៍​ដែល​មកដល់នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឬ​យ៉ាងណា​។ ប៉ុន្តែ​ជាដំបូង​ពួកគេ​ត្រូវ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ពេញលេញ និង​ត្រូវធ្វើ​តេស្ត​រក​មេរោគ​ជាមុន​សិន​៕