
កម្លាំងចម្រុះចុះទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក តំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក ក្នុងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើស និង ក្រុមមន្ត្រីជំនាញសូរិយោដីខេត្ត មន្ត្រីជលផល និងមន្ត្រីស្រុក ឃុំមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ថា ៖ការចុះពិនិត្យទប់ស្កាត់ការរុករានដីព្រៃលិចតំបន់បីបឹងទន្លេសាប ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបានបែងចែកជា៣ក្រុម ចុះពិនិត្យ៣គោលដៅមានកម្លាំងជិត៣០០នាក់ មានកម្លាំងនគរបាល កម្លាំងកងទ័ព កម្លាំងកងរាជអាវុធហត្ថ រួមទាំងមន្ទីរជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ ប្រើប្រាស់កាណូតម៉ាស៊ីនចំនួន៣០គ្រឿង ចុះពិនិត្យក្នុងភូមិសាស្ត្រព្រៃលិចទឹកតំបន់បី ដែលនៅក្នុងភូមិសាស្ត្រឃុំភ្នំលៀប ,ឃុំប្រាសាទ ក្នុងស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី ហើយដីព្រៃលិចទឹកតំបន់បី ភូមិសាស្គ្រខេត្តបន្ទាយមានផ្ទៃដីទំហំ២២៣៥៨ហិកតា (ពីរម៉ឺនពីរពាន់បីរយហាសិបប្រាំបី ហិកតា) ដែលមានបង្គោលចំនួន៤៦ មានបង្គោលថ្នាក់ជាតិចំនួន២៦បង្គោល ថ្នាក់ខេត្ត២០បង្គោល។
ឯកឧត្តម លាង មន្នីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់សូរិយោដីបានបញ្ជាក់ថា៖ ជាសារណែនាំពីស្តីពីការអនុវត្តន៍បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមានវិធានការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់ រដ្ឋបាលខេត្តបន្ទាយមានជ័យបានចំគណៈកម្មការដឹកនាំកម្លាំងទាំងបីស្ថាប័ន និងមន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យផ្ទាល់ និងកំណត់បង្គោលព្រំដីតំបន់បីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យហើយចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាអោយបានច្បាស់និងអនុវត្តអោយមានតម្លាភាព និងប្រសិទ្ធភាព។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប៕ ដោយ ៖ កំសត់