អភិបាលរាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបានការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅក្រៅប្រទេស

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជានឹងកាត់បន្ថយបាននូវការបញ្ជូនអ្នកជំងឺមហារីកទៅព្យាបាលនៅ ក្រៅប្រទេសដោយសារថា បច្ចុប្បន្ននេះ នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺមហារីកនេះជាច្រើនកន្លែង មានទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយបំពាក់ម៉ាស៊ីន និងឧបករណ៍ទំនើបៗជាមួយក្រុមគ្រូពេទ្យជំនាញៗផងដែរ។ ម្យ៉ាវវិញទៀត ក៏បានកាត់បន្ថយនូវការ ចំណាយថវិកាច្រើនក្នុងការបញ្ជូនអ្នកជម្ងឺទៅព្យាបាលនៅក្រៅប្រទេសថែមទៀតផង។

នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រីអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺមហារីកគឺមានសង្ឃឹមច្រើនដោយសារថា នៅព្រះរាជាណាចក្រកម្ពុជារបស់យើង មានមន្ទីរពេទ្យជាច្រើនដែលអាចព្យាបាលជំងឺមហារីកនេះបាន កាត់បន្ថយនូវការបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅស្រុក និងកាត់បន្ថយថវិកាច្រើនផងដែរ។

ជាក់ស្តែងនៅពេលនេះ មន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលបើកសម្ពោធដាក់អោយប្រើប្រាស់នៅពេលនេះ គឺបានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ឃួង ស្រេង បានបន្តថា សម្រាប់ក្របខ័ណ្ឌរាជធានីភ្នំពេញ ដើម្បីបង្ខិតសេវាសុខាភិបាលឱ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន គណៈអភិបាល បានខិតខំពង្រឹង និងពង្រីកយន្តការនៃការផ្ដល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈដល់ការចូលរួមរបស់សេវាសុខាភិបាល ឯកជន ក្នុងនោះ គិតត្រឹមឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ចំនួន០៧, មន្ទីរពេទ្យបង្អែកក់រាជធានី ចំនួន ០១ (កម្រិត CPA3), មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិ ចំនួន ០៧ (កម្រិត CPA1), មណ្ឌលសុខភាព ចំនួន៤៣(កម្រិតMPA) និងប៉ុស្តិ៍សុខភាព ចំនួន ៧ កន្លែង ដែលជាសេវាសុខាភិបាល គ្រប់គ្រងដោយរដ្ឋ ព្រមទាំងមានមូលដ្ឋានសុខាភិបាលឯកជនចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺទូទៅដូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកសាស្ត្រាចារ្យ វជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យសំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ គោលបំណងសំខាន់នៃការបង្កើតមន្ទីរពេទ្យនេះ គឺ ដើម្បីចូល រួមបំពេញនូវកង្វះខាតក្នុងវិស័យសុខាភិបាល សម្រួលដល់ជីវភាព និងការលំបាករបស់ប្រជាពលរដ្ឋដែលមានជម្ងឺ បង្កើត ការងារជូនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកបន្តថា អ្នកជម្ងឺមហារីកភាគច្រើនកើតលើមនុស្សវ័យកណ្តាល និងវ័យចំណាស់។ ជំងឺមហារីកមាន ប្រាំប្រភេទដែលយើងជួបប្រទះច្រើនជាងគេ គឺ មហារីកថ្លើម មហារីកសួត មហារីកសុដន់ មហារីកក្រពះ-ពោះវៀន និង មហារីកមាត់ស្បូន។ អ្នកជម្ងឺមហារីកនៅកម្ពុជាប្រមាណ១៣,៥០០នាក់ ត្រូវការព្យាបាលដោយកាំរស្មី ហើយមានអ្នក ជំងឺប្រមាណ៣,០០០នាក់ ប៉ុណ្ណោះដែលទទួលបានការព្យាបាលនៅក្នុងស្រុក និងប្រមាណ១៥០០នាក់ទៀតបានទទួលការ ព្យាបាលនៅប្រទេសជិតខាង នៅសល់ប្រមាណជាង១០,០០០នាក់ទៀតក្នុង១ឆ្នាំ កំពុងត្រូវការ ការព្យាបាលមួយដែលមាន ប្រសិទ្ធភាព និងគុណភាពតាមស្តង់ដាវេជ្ជសាស្តសកល។

លោក អ៊ាវ សុខា បន្តថា នៅកម្ពុជា ការទទួលបានការពិនិត្យ និងការធ្វើតេស្តស្វែងរកជម្ងឺមហារីក ដោយម៉ាស៊ីនទំនើប នៅមានកំរិតទាបនៅឡើយ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការព្យាបាលក្នុងស្រុក និងបំពេញបន្ថែមលើសេវាសុខាភិបាល សាធារណៈ ដែលកំពុងជួបការលំបាក និងស្របតាមគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជនរបស់រាជរដ្ឋាភិបាល ក្នុងនាមលោកជាអ្នកជំនាញជម្ងឺមហារីកមួយរូប បានសម្រេចចិត្តបណ្តាក់ទុនបង្កើតមន្ទីរពេទ្យនេះឡើងដោយមានបំពាក់ ឧបករណ៍ទំនើបៗ តាមស្ដង់ដារអឺរ៉ុប និងប្រមូលផ្ដុំដោយគ្រូពេទ្យជំនាញៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើតេស្ត ស្វែងរកមេរោគ និងព្យាបាលជម្ងឺមហារីក ជូនដល់ប្រជាពលរដ្ឋកម្ពុជាមកពីគ្រប់មជ្ឈដ្ឋាន៕