
សិស្សអាយុ១៥ឆ្នាំ បាញ់ប្រហារក្នុងវិទ្យាល័យមួយនៅអាមេរិក បណ្ដាលឲ្យសិស្ស៣នាក់ស្លាប់
វ៉ាស៊ីនតោន ៖ អាជ្ញាធរនៅសហរដ្ឋអាមេរិកបានឲ្យដឹង កាលពីថ្ងៃអង្គារថា មានសិស្សម្នាក់បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយកន្លែង នៅភាគខាងជើងនៃទីក្រុង Detroit រដ្ឋ Michigan ដោយបានសម្លាប់សិស្សចំនួន៣នាក់ និងមនុស្ស៨នាក់ផ្សេងទៀតបានរងរបួស រួមទាំងគ្រូបង្រៀនម្នាក់ផងដែរ។
លោក Michael McCabe មន្ត្រីប៉ូលីសក្នុងតំបន់ Oakland បានប្រាប់ឲ្យដឹងថា សិស្ស ៣ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ កាលពីរសៀលថ្ងៃអង្គារ នៅឯវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Oxford ដែលជាសហគមន៍ជាយក្រុងតូចមួយដែលមានចម្ងាយ ៤៨ គីឡូម៉ែត្រ (៣០ ម៉ាយ) ពីទីក្រុង Detroit ។
លោកបន្ត ជនសង្ស័យដែលជាសិស្សវិទ្យាល័យដែរនោះមានអាយុ១៥ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ផងដែរ ក្រោយពេលកើតហេតុ។ ជនសង្ស័យបានធ្វើការបាញ់ជាច្រើនគ្រាប់ ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់បានរងរបួស និងឈានដល់ការសម្លាប់មនុស្ស ៣ នាក់ផងដែរ។ ទន្ទឹមនោះ ក្រុមមន្ត្រី ក៏បានដកហូតកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ ១ ដើមពីជនសង្ស័យនោះ។
សូមជម្រាបថា ក្នុងហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះបានបណ្ដាលឲ្យមនុស្ស ៣ នាក់ស្លាប់ ដែលសុទ្ធតែជាសិស្សវិទ្យាល័យទាំងអស់ ហើយមានអាយុក្រោម២០ឆ្នាំ៕