Juventus អាច​នឹង​កាត់​ទៅលេង​នៅ Serie B បន្ទាប់ពី​រកឃើញបញ្ហា​នេះ

អ៊ីតាលី ៖ ក្លិប​សេះបង្កង Juventus ត្រូវបាន​គេ​រាយការណ៍​ថា អាច​នឹង​កាត់​ឲ្យ​ទៅលេង​នៅ​លី​គ​ទី​២​វិញ បន្ទាប់ពី​រកឃើញថា ក្លិប​បាន​ប្រើប្រាស់​បញ្ជី​គណនី​ក្លែងក្លាយ​។​

Juventus កំពុងតែ​ស្ថិតក្រោម​ការ​ស៊ើប អង្កេត​របស់​អាជ្ញាធរ​ប្រទេស​អ៊ីតាលី នឹងត្រូវ​បាន​ក្រុម​ជំនាញ រឹបអូស​យក​វិក្កយបត្រ និង​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ទាក់ទង​នឹង​ការផ្ទេរ​យក​កីឡាករ៤២​រូប ដែល​ខុសច្បាប់​រួមមាន ៖ កីឡាករ Cristiano Ronaldo, Joao Cancelo, Authur Melo, និង Danilo ផងដែរ​។​

​ករណី​ខុសច្បាប់​នេះ​គឺ​មានន័យថា ក្រុមការងារ​ខាង Juventus បាន​កេងប្រវ័ញ្ច​តម្លៃ​ខ្លួន​កីឡាករ ដោយ​គំនិត​នេះ​បាន​គួបផ្សំ​ឡើង​ដោយ​លោក Andrea Agnelli, Pavel Nedved និង Fabio Paratici ហើយ​បច្ចុប្បន្ន​ខាង​ក្រុម Spurs ក៏បាន​សហការ​ចូលរួម​ជួយ​ក្នុងការ​ស៊ើបអង្កេត​នេះដែរ​។​ ដូច្នេះ Juve ដែល​បានឈ្នះ Serie A ក្នុង​រដូវ​កាល ២០១៩/២០ ក្រោម​ការដឹកនាំ​របស់​លោក Maurizio Sarri ហើយ​ទំនងជា​នឹងត្រូវ​កាត់​ឲ្យ​ទៅលេង​នៅ Serie B ។​

​យ៉ាងណាមិញ​ប្រធាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរជាតិ HLB International លោក Marco Donzelli បាន​និយាយថា​៖​ប្រសិនបើ​យើង​រកឃើញថា Juventus ប្រាកដជា​បាន​កេងប្រវ័ញ្ច​ផលប្រយោជន៍ ពី​ក្លិប​ដែលជា​ដៃគូ​មែន​នោះ ខាង​សហព័ន្ធ​កីឡាករ និង អាជ្ញាធរ នៃ​ប្រទេស​អ៊ីតាលី ប្រាកដជា​ត្រូវ​ដាក់ទោស​ពួកគេ​ជា​ចាំបាច់ ហើយនឹង​ទាមទារ​ឲ្យ​ពួកគេ​ចេញមុខ​មក​ទទួលខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ជា​សាធារណៈ​។ លើសពីនេះទៅទៀត ដើម្បី​ជាការ ការពារ ការធ្វើ​បាតុកម្ម​ពី​ក្រុម​អ្នកគាំទ្រ ខាង​ក្រុមប្រឆាំង​អំពើ​ទុក​រលួយនឹង​ចាត់វិធានការ ទម្លាក់​ក្រុម Juventus ឲ្យ​ទៅលេង​នៅ​លី​គ​ទី​២ តែម្តង​៕