ថៃ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៤.៨៨៦​ករណី​ទៀត ​និង​ស្លាប់​៤៣​នាក់​ក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក ៖ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បានប្រកាសរកឃើញ​ករណី​ឆ្លង Covid-19 ថ្មី​ចំនួន ៤.៨៨៦​ករណី និង​អ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ ​ចំនួន៤៣នាក់​ទៀត​ ​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយនេះ​។​

​បើតាមក្រសួងសុខាភិបាល​សាធារណៈ​ថៃ បានគូសបញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ថ្មី​មានការ​កើនឡើង បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​អង្គារ​មាន​ចំនួន​៤,៣០៦​ករណី​នៅពេលដែល​ប្រទេស​នេះ​បាន​កត់ត្រា​ការស្លាប់​ចំនួន​៣៧​នាក់​។​ ដោយឡែក​នៅ​អង្គារ​ម្សិលមិញ​អ្នកជំងឺ Covid-19 ចំនួន​៦,៣២៦ នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេលដែល​រលក​ទី​៣​នៃ ជំងឺ Covid-19 បានចាប់ផ្តើម ប្រទេស​ថៃ​មាន​ព្យាបាល​អ្នកជំងឺ Covid-19 ចំនួន ២,០៩១,៨៩៥ នាក់ ដែល​ក្នុងនោះ ១,៩៩៨,៣២៨ នាក់​បានជា​សះស្បើយ​។ ​ចំណែក​អ្នក​ស្លាប់មាន​ចំនួន​២០,៧២០​នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២០,៨១៤​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕