ថ្នាក់ដឹកនាំខេត្តព្រះសីហនុរៀបចំពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការក្រោមឱវាទរៀបចំពិធីអភិសេកព្រះបដិមា ព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សូមជម្រាបជូនថា បដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥០ម៉ែត្រ និងមានកម្ពស់សរុប ១៥,១៥០ម៉ែត្រ ដែលជានិមិត្តរូប នៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្ម ក្នុងគ្រួសារ និងសង្គមជាតិ៕ ដោយ ៖ ទឹង សុភាព