
NOCC អំពាវនាវឲ្យមហាជនចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ
ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈការចុះឈ្មោះនៅតែបន្តទទួលរយៈពេល១សប្តាហ៍ទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងថា គណៈកម្មការរៀបចំទិវានេះ ទទួលបាននូវការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការរៀបចំព្រឹត្ដិការណ៍កីឡាទេសចរណ៍ឡើងវិញ ជាពិសេស គឺទិវារត់ប្រណាំងអន្តរជាតិអង្គរនេះ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងបរទេសនៅក្នុងស្រុក ដែលបានចុះឈ្មោះ ក៏ដូចជាមិនទាន់ចុះឈ្មោះ អាចចុះឈ្មោះចូលរួមរត់ប្រណាំងបាន ដោយការទទួលចុះឈ្មោះនេះ នៅបន្តរយៈពេល១សប្តាហ៍ទៀត ដើម្បីយើងនាំគ្នាទៅមើលមុខមាត់ថ្មីនៃតំបន់អង្គរវត្ត ប្រកបដោយភាពស្រស់ស្អាត ភាពបៃតង សួនច្បារជាដើម គឺយើងទាំងអស់គ្នា អាចទៅកម្សាន្តផង រត់ប្រណាំងដើម្បីសុខភាពផង។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា អ្វីដែលពិសេសនៃទិវារត់ប្រណាំងអន្តរជាតិ លើកទី២៦ ឆ្នាំ២០២២នេះ គឺការស្តារឡើងវិញនូវវិស័យកីឡា-ទេសចរណ៍ សេដ្ឋកិច្ចសង្គម ជាមួយការចាកចេញបន្តិចម្តងៗពីវិបត្តិជំងឺកូវីដ-១៩។ ដូច្នេះយើងទាំងអស់គ្នា ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ដើម្បីជួយជ្រោមជ្រែងការឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារឡើងវិញ ទៅលើព្រឹត្តិការណ៍កីឡាទេសចរណ៍អន្តរជាតិមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងផ្តល់មកវិញនូវការងារ ការរីកចម្រើននូវផ្នែកសេដ្ឋកិច្ចសង្គម និងសេចក្តីសង្ឃឹម ជាបន្តបន្ទាប់នាថ្ងៃមុខទៀត។
សូមជម្រាបថា គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះជិត ២,០០០នាក់ ដូច្នេះ លោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រការរៀបចំទិវានេះឡើងវិញ តាមរយៈការចុះឈ្មោះចូលរួមរត់ប្រណាំងឲ្យបានច្រើនបន្ថែមទៀត។ កាលពីពេលកន្លងទៅ គណៈកម្មការកំណត់ចំនួនអ្នកចូលរួម ២,៥០០នាក់ប៉ុណ្ណោះ ដើម្បីបង្ការការការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះ មិនកំណត់តាមចំនួននេះទេ ដោយបើកទូលាយច្រើនជាងចំនួនកំណត់ពីមុន៕ ប្រភពពី៖ Cambodia SEA GAMES 2023