ព្រៃសហគមន៍ប្រាសាទតាខ្មៅ កំពុងរងការកាប់បំផ្លាញទន្រ្ទានយកដីធ្វើកម្មសិទ្ធិ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋមានការរិះគន់ចំពោះការកាប់បំផ្លាញព្រៃសហគមន៍ប្រាសាទតាខ្មៅ និងកាប់រានព្រៃយកដីធ្វើកម្មសិទ្ធិ បន្ទាប់ពីលោកមេភូមិ ព្រមទាំងលោកប្រធានសហគមន៍បើកដៃឲ្យក្រុមឈ្មួញ។

ព្រៃសហគមន៍ប្រាសាទតាខ្មៅ ស្ថិតក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រង់ចំណុចទួលពងពស់ កំពុងរងការកាប់បំផ្លាញព្រៃឈើរានយកដីធ្វើកម្មសិទ្ធិ ពីសំណាក់លោក នួន ណាត បន្ទាប់ពីលោក អ៊ុ ពៅ មេភូមិទន្សោងធ្លាក់ជាអ្នកលក់ឲ្យក្រោមការឃុប ឃិតពីលោក ថៃ ប៊ុនលៀង ដែលជាប្រធានសហគមន៍ប្រាសាទតាខ្មៅ។

បើយោងតាមព័ត៌មានដែលភ្នំពេញដេលីទទួលបានពីប្រជាពលរដ្ឋ ដែលរស់នៅភូមិទន្សោងធ្លាក់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះបានរៀបរាប់ថា ហេតុតែមេឈ្មួញឈ្មោះ នួន ណាត ហ៊ានជួលគេកាប់ព្រៃសហគមន៍យកធ្វើកម្មសិទ្ធិ ដោយសារតែដីព្រៃនេះ ត្រូវលោក អ៊ុ ពៅ ជាមេភូមិទន្សោងធ្លាក់ ជាអ្នកលក់ឲ្យ។ ចំណែកលោក ថៃ ប៊ុនលៀង ប្រធានសហគមន៍ប្រាសាទតាខ្មៅវិញ បន្ទាប់ពីបានធ្វើប្រធានសហគមន៍ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែមានឈ្មួញ កាប់ឈើក្នុងព្រៃសហគមន៍ដឹកយកទៅលក់ ពិសេសជាងនេះទៅទៀតនោះ គឺកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិឯកជន និងមានជាលក្ខណៈទ្រង់ទ្រាយធំនេះតែម្ដងដោយមិនមានការកោតញញើតច្បាប់បន្តិចសោះឡើយ។

ជុំវិញការកាប់បំផ្លាញឈើក្នុងព្រៃសហគមន៍ដឹកយកទៅលក់នេះ និងការកាប់រានទន្ទ្រានព្រៃ យកដីធ្វើកម្មសិទ្ធិខាងលើ លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសព្វបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងទេ តែលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកសំបូរ បានចុះទៅធ្វើសារពើភ័ណ្ឌ ជាមួយអង្កាហើយ មិនទាន់ត្រឡប់មកវិញទេ។

ដោយឡែកលោកមេភូមិ និងលោកប្រធានសហគមន៍ប្រាសាទតាខ្មៅ នៅមិនទាន់បានការបំភ្លឺនៅឡើយទេ ជុំវិញករណីល្មើសខាងលើនេះ។ បើសិនមានការបំភ្លឺណាមួយ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងផ្សព្វផ្សាយបន្ត។

បើទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅភូមិទន្សោងធ្លាក់បានរិះគន់ថា កន្លងមកប្រជាពលរដ្ឋក្នុងភូមិ ចូលកាប់ព្រៃសហគមន៍នេះ ធ្វើចំការលក្ខណៈគ្រួសារត្រូវលោកមេភូមិរូបនេះ កសាងសំណុំរឿងបញ្ជូនទៅខេត្ត ។ លុះដលពេលឥឡូវនេះ បែរជាលោកមេភូមិយកដីព្រៃសហគមន៍លក់យកលុយសម្រាប់ខ្លួនឯងទៅវិញ៕ ដោយ ៖ ស៊ាន ចន្ទ័ដា