គីម​ ជុងអ៊ុន បង្ហាញ​ពី​ការប្ដេជ្ញាចិត្តក្នុងការ​ជំរុញ​សេដ្ឋកិច្ច​កូរ៉េខាងជើង ​នៅ​ឆ្នាំក្រោយ ​

ព្យុងយ៉ាង​ ៖ មេដឹកនាំ​កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន បាន​ថ្លែងថា ប្រទេស​នេះ​ត្រូវតែ​ត្រៀមខ្លួន សម្រាប់​ការតស៊ូ​ដ៏​ធំ​មួយ នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​បន្តធ្វើ​ឱ្យមាន​ការរីកចម្រើន​ក្នុង​វិស័យ​នានា រួមទាំង​វិស័យ​ការពារជាតិ កសិកម្ម និង​សំណង់ នៅ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA ។​

ការលើកឡើង​បែបនេះ បានកើត​ឡើង​នៅឯ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស​កម្មករ​ដែល​កំពុងកាន់​អំណាច ដោយបាន​សម្រេចចិត្ត​រៀបចំ​កិច្ចប្រជុំពេញអង្គ​នៃ​គណៈកម្មាធិការ នៅ​ខែ​ក្រោយនេះ​។​

គួរ​បញ្ជាក់ថា មកដល់ពេលនេះ កូរ៉េខាងជើង បាន​នឹង​កំពុង​ស្វែងរក​ការជំរុញ​សេដ្ឋកិច្ច និង​ការផ្គត់ផ្គង់​ថាមពល​បន្ថែមទៀត ជាមួយនឹង​ផែនការ​របស់ខ្លួន ប៉ុន្តែ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN) បាន​ឲ្យ​ដឹងថា កង្វះខាត​ស្បៀងអាហារ និង​អគ្គិសនី​នៅតែ​ជា​កត្តា និង​បញ្ហា​ចោទ​ដដែល​សម្រាប់​ប្រទេស​នេះ ដោយសារ​ការដាក់ទណ្ឌកម្ម​លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ពួកគេ គួបផ្សំ​នឹង​ជំងឺ​រាតត្បាត​កូ​វីដ ១៩ និង​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ ផងដែរ​៕