
ភ្នាក់ងារចង់ឲ្យ Ronaldo ចាកចេញពី Man Utd ទៅចូលរួមជាមួយក្លិបយក្សនៅបារាំង
មេនឆេស្ទើ ៖ ភ្នាក់ងារ Cristiano Ronaldo លោក Jorge Mendes ត្រូវបានគេរាយការណ៍ថា ចង់ឲ្យកូនក្រុមចាកចេញពី Manchester United ទៅចូលរួមជាមួយ Paris Saint-Germain ដើម្បីចាប់ដៃគូរជាមួយ Lionel Messi។
Ronaldo បានសម្រេចចិត្តចាកចេញពី Juventus ដើម្បីវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញក្រោយចែកផ្លូវគ្នាជាមួយក្លិបអស់រយៈពេល១២ឆ្នាំដែលពេលនោះគេបានផ្លាស់ទៅកាន់ Real Madrid។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ នៅពេលត្រលប់មក Man Utd វិញដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ ប្រកួតសម្រាប់ក្លិប បើទោះបីជាបិសាចក្រហមមិនសូវទទួលបានជ័យជម្នះក៏ដោយ។
ការមកដល់របស់លោក Ralf Ragnick អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតរបស់ Ronaldo នៅ Man Utd ដោយសារប្រព័ន្ធលេងរបស់លោក។ អតីតគ្រូបង្វឹករបស់ក្រុម RB Leipzig ត្រូវបានគេស្គាល់ថាជាគ្រូដែលចូលចិត្តឲ្យកូនក្រុមដេញយកបាល់ពីក្រុមគូប្រកួតជាពិសេសនោះលោកចូលចិត្តរួមការងារជាមួយកីឡាករក្មេងៗពីព្រោះលោកជាគ្រូដែលមានទស្សនៈវែងឆ្ងាយ។
ដោយសារហេតុផងទាំងនេះទើបភ្នាក់ងាររបស់ Cristiano Ronaldo លោក Jorge Mendes ចង់ឲ្យកូនក្រុមចាកចេញពី ManUtd ។ យោងតាមរបាយការណ៍ពីគេហទំព័ររបស់អេស្ប៉ាញ El Nacional ភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះចង់ឲ្យ Ronaldo ទៅលេងនៅ PSG ដើម្បីចាប់ដៃគូរជាមួយ Lionel Messi ៕