
អូស្ត្រាលីរាយការណ៍ពីករណីឆ្លងវីរុស Omicron ចូលក្នុងសហគមន៍លើកដំបូង
ស៊ីដនី ៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ បានរាយការណ៍ពីការឆ្លងចូលសហគមន៍ដំបូងរបស់ខ្លួននៃវីរុសបម្លែងថ្មី Omicron ប៉ុន្តែអាជ្ញាធរបានរក្សាស្ថិរភាពលើផែនការ ដើម្បីបើកសេដ្ឋកិច្ចប្រទេសឡើងវិញ ដោយត្រូវបានគេសង្ឃឹមថាវានឹងមានភាពស្រាលជាងប្រភេទមុនៗ ។
អាជ្ញាធរក្នុងរដ្ឋ New South Wales បាននិយាយថា ករណីឆ្លងនេះត្រូវបានរកឃើញលើសិស្សសាលា មកពីទីក្រុងស៊ីដនី ដែលនេះគឺជាករណីឆ្លងវីរុសបម្លែងថ្មី Omicron ជាលើកដំបូងចូលក្នុងសហគមន៍ ហើយក៏ជាសញ្ញាមួយដែលបង្ហាញពីការប្រែប្រួលនៃការចម្លងរបស់វីរុសនេះនៅក្នុងសហគមន៍ផងដែរ។
រដ្ឋមន្ត្រីសុខាភិបាលក្នុងរដ្ឋ NSW លោក Brad Hazzard បាននិយាយថា ការឆ្លងគឺនៅតែជាកង្វល់ដដែល ប៉ុន្តែយើងត្រូវតែរក្សាផែនការ និងគម្រោងការរបស់យើងដដែលដូចគ្នា។ ការលើកឡើងបែបនេះគឺលោក ចង់សង្កត់ធ្ងន់ពីមូលហេតុដែលរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលីមួយនេះ មិនផ្លាស់ប្តូរការបើកដំណើរការឡើងវិញរបស់ខ្លួនពីការបិទខ្ទប់យ៉ាងតឹងរ៉ឹងដែលបានដាក់ក្នុងខែ កក្កដា កន្លងទៅ ដោយសារតែការវាយលុករបស់វីរុស Delta ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសអូស្ត្រាលី បានរកឃើញករណីឆ្លងវីរុសបម្លែងថ្មី Omicron ចំនួន ៩ ករណីហើយ ដែលចំនួន ៨ ករណីរកឃើញនៅក្នុងរដ្ឋ NSW ជាកន្លែងដែល ១ ភាគ ៣ នៃប្រជាជន ២៥ លាននាក់របស់ប្រទេសនេះរស់នៅ៕