
ម៉ាឡេស៊ី ជួបវិបត្តិកីឡាកររបួសជាច្រើននាក់មុនជួបគោព្រៃកម្ពុជា
ម៉ាឡេស៊ី ៖ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានជួបបញ្ហាកីឡាកររបួសជាបន្តបន្ទាប់មុនជួប ក្រុមគោព្រៃកម្ពុជា នៅថ្ងៃបើកឆាក AFF Suzuki Cup 2020 ដោយក្នុងរួមមានទាំងអ្នកចាំទី ខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ ហើយខ្លះជាកីឡាករសំខាថែមទៀត។
លោក Tan Cheng Hoe គ្រូបង្គោលម៉ាឡេស៊ីបាននិយាយថា “ពួកយើងបានបាត់បង់កីឡាករ ៥នាក់ នៅប៉ុន្មានថ្ងៃមុនការប្រកួត AFF Cup។ លោកថា ទោះជាយ៉ាងណាក៏ដោយយើងនៅតែមានក្រុមដែលមានតុល្យភាពល្អសម្រាប់ការប្រកួត។ លោកបន្តថា កីឡាករខ្លះល្អគ្រប់គ្រាន់ក្នុងការលេងក្នុងតួនាទីជាច្រើន”។
លោកបានបញ្ជាក់ថា កីឡាករដែលរបួស និងដកខ្លួនរួមមាន ខ្សែប្រយុទ្ធចូលសញ្ជាតិ Mohamadou Sumareh, ខ្សែប្រយុទ្ធកូនកាត់ Darren Lok, ខ្សែបម្រើ Akram Mahinan និង Kenny Pallraj, ខ្សែការពារ Fazly Mazlan និងអ្នកចាំទីដៃទី៣ Azri Ghani ផងដែរ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងប៉ះក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ វេលាម៉ោង៤:៣០ នាទីរសៀល សម្រាប់ជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF Suzuki Cup 2020 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី៕