បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្លាំងសាមគ្គីភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការថែរក្សាសមិទ្ធផលរបស់គណបក្សនិងរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ថ្លែងថា កម្លាំងសាមគ្គីភាពនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់យើង នៅក្នុងការថែរក្សាសមិទ្ធផលរបស់គណបក្ស និង សមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីពិសារអាហារសាមគ្គីរបស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ និង ប្រជាជនដើម្បីបន្តការរស់នៅក្រោមម្លប់នៃសេចក្តីសុខ សន្តិភាព ស្ថិរភាព សុវត្ថិភាព សេរីភាព និងសេចក្តីថ្លៃថ្នូរ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលលោកយល់ថានេះពិតជាបង្ហាញយ៉ាងច្បាស់អំពីស្មារតី និងការប្តេជ្ញាចិត្តរួមនៅក្នុងការពង្រឹងឧត្តមភាព និងប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាពជាបងប្អូនដ៏ស្និទ្ធស្នាលនៅក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមថ្លែងថា៖ «ក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន និងដោយមានការចូលរួមទាំងកម្លាំងកាយចិត្ត, បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគ្រប់លំដាប់ថ្នាក់នៃរចនាសម្ព័ន្ធគណៈចលនាមហាជន គឺបានញាំងឱ្យគណៈចលនាមហាជនក្លាយជារចនាសម្ព័ន្ធចាត់តាំងដ៏រឹងមាំ និងសកម្ម នៅក្នុងការចាត់តាំងអនុវត្តកម្មវិធីនយោបាយ ការប្រមូលផ្តុំកម្លាំងគាំទ្រ និងការបន្តកសាងសមាជិកគណបក្សបន្ថែម ក៏ដូចជាការយកចិត្តទុកដាក់ដល់ជីវភាព និងផលប្រយោជន៍របស់ប្រជាជន មហាជនគ្រប់ស្រទាប់»។
ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិតបានជំរុញលើកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាន់ខ្ជាប់ និងអនុវត្តដោយជោគជ័យរួចមកហើយក្នុងរយៈកាលប្រមាណជាង ៤០ឆ្នាំកន្លងមកនេះ រហូតប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសុខសាន្ត ដូចពេលបច្ចុប្បន្ន៕