ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ទទួលស្វាគមន៍ព្រះអគ្គីជ័យកីឡានៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្បួនដង្ហែព្រះអគ្គិកីឡាបានដង្ហែដល់ព្រំប្រទល់ខេត្តបាត់ដំបង-បន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ តាមការគ្រោងទុក ដោយមានមន្ត្រីរាជការ ព្រះសង្ឃ សិស្ស-និស្សិត ប្រជាពលរដ្ឋ រាប់ម៉ឺននាក់បានឈរទទួលស្វាគមន៍ ដែលជាប្រវិត្តសាស្រ្តថ្មីមួយទៀតរបស់កម្ពុជាក្រោយរង់ចាំអស់ជាង៦០ឆ្នាំ។

ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានទទួលដោយផ្ទាល់ពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុម និងអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី រួមទាំង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ក្បួនកង់ ក្បួនរថយន្តជាច្រើនគ្រឿង ចូលរួមដង្ហែឆ្ពោះទៅទីតាំងប្រារព្ធពិធី នៅទីរួមខេត្តបន្ទាយមានជ័យ។

ជាមួយការទទួលព្រះអគ្គីជ័យកីឡានេះដែរ គ្រប់វត្តអារាមក្នុងខេត្តបន្ទាយមានជ័យ ក៏មានការវាយជួង រគាំង និងទូងស្គរ ឱ្យបានកងរំពង ដើម្បីចូលរួមអបអរសាទរក្នុងពិធីទទួល និងដង្ហែព្រះអគ្គិកីឡានៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះផងដែរ។

គួរឱ្យដឹងដែរថា វត្តមានព្រះអគ្គីជ័យកីឡា នឹងត្រូវប្រារព្ធពិធីអបអរសាទរនៅសួនមានជ័យ (វេទិកាខេត្ត) ក្រុងសិរីសោភ័ណ ហើយបន្តដង្ហែទៅជុំវិញក្រុងសិរីសោភ័ណ ឆ្ពោះទៅកាន់វត្តគិរីជុំចំការខ្នុរ ដើម្បីទៅតម្កល់រក្សាទុកនាពេលយប់ដោយមានរៀបចំពិធីសាសនាផងដែរ។ លុះព្រឹកឡើង វេលាម៉ោង៦ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំក្បួនដង្ហែព្រះអគ្គិកីឡា ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប៕ ដោយ៖ ម៉ា សុភាព