រដ្ឋមន្ត្រីការបរទេសចិន ជួបប្រមុខរបបសឹកមីយ៉ាន់ម៉ា និងសន្យាផ្ដល់ការគាំទ្រ
យ៉ាងហ្គន៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) បានជួបពិភាក្សា ការងារជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅក្នុងទីក្រុងណៃពិដោរ ដែលនេះជាជំនួបរវាងមន្ត្រីជាន់ខ្ពស់ចិន និងឧត្តមសេនីយ៍កំពូល ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីជាង២ឆ្នាំមុនមក។
ក្រុមមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា លោក ឈិន កាង នឹងបន្តស្ថិតនៅក្នុងប្រទេសមីយ៉ានម៉ា រហូតដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមការងារទទួលបន្ទុកផ្នែកព័ត៌មាន នៃរបបយោធាមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង បានប្រាប់លោក មីន អោងឡាំង ថាចិនគាំទ្រមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ ហើយថាសហគមន៍អន្តរជាតិគួរតែគោរព អធិបតេយ្យរបស់មីយ៉ាន់ម៉ា ព្រមទាំងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិ។
សូមជម្រាបថា មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សា គិតចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោងសាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពី អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១៕