អាមេរិកត្រៀមប្រកាសកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រុមមន្រ្តីអាមេរិកបានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងធ្វើសេចក្តីប្រកាស ស្តីអំពីកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ៣០០លានដុល្លារសម្រាប់អ៊ុយក្រែន ហើយក្នុងនោះនឹងរួមមានជាលើកដំបូងនូវរ៉ុក្កែតរយៈចម្ងាយខ្លី ដែលបាញ់ចេញពីផ្ទៃអាកាស។

កញ្ចប់ជំនួយយោធាថ្មីខាងលើ នឹងជាកញ្ចប់ទី៣៧ហើយ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ដែលមានតម្លៃសរុបបញ្ចូលជិត៣៦ពាន់លានដុល្លារ។

រ៉ុក្កែត Hydra 70 គឺជាប្រភេទរ៉ុក្កែតបាញ់ចេញពីយន្តហោះនិងឧទ្ធម្ភាគចក្រ ដែលផលិតដោយក្រុមហ៊ុនអាមេរិក General Dynamics ហើយពួកវាអាចជួយអ៊ុយក្រែន ធ្វើឱ្យទីតាំងនៅលើដីគោករបស់រុស្ស៉ីចុះខ្សោយកម្លាំងបាន ព្រមទាំងអាចជួយផ្តល់ការគាំទ្រពីផ្លូវអាកាស ដើម្បីឱ្យកងកម្លាំង​អ៊ុយក្រែននៅលើដីអាចងាយស្រួលរុលឆ្ពោះទៅមុខ ខណៈដែលទីក្រុងកៀវកំពុងត្រៀមបើកប្រតិបត្តិការវាយបក។ ក្រៅពីនេះ កញ្ចប់ជំនួយយោធានោះ ក៏នឹងរួមមានទាំងកាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ក៏ដូចជាគ្រាប់របស់កាំភ្លើងធំ គ្រាប់រ៉ុក្កែតរបស់ប្រព័ន្ធ HIMARS មីស៉ីលប្រឆាំងរថក្រោះ TOW និងកាំភ្លើងត្បាល់ ផងដែរ៕