ចិនកំពុងពិនិត្យវាយតម្លៃលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដែលអាចនាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន នាពេលខាងមុខនេះ

ខេត្តព្រៃវែង ៖ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។

ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងថា «ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ។ ប្រសិនរលូនផ្លែមៀនកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ»។

តាមគោលការណ៍ការសិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យនេះ ត្រូវធ្វើការចុះពិនិត្យ និងសិក្សាទៅទីតាំងចំការ និងដល់ទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើអ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិន ឯកភាពក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ៕