សម្តេចតេជោប្រតិកម្មខ្លាំងចំពោះ អនុរដ្ឋមន្រ្តីការពារជាតិ វៀតណាមមួយរូប ជុំវិញការលើកឡើងពីកម្ពុជា ជាប្រទេសនាំជំងឺឆ្លង

ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗទៅកាន់លោកឧត្តមសេនីយ៍ ងូ ស៊ុនចៀន មេទ័ពការពារព្រំដែនវៀតណាមដែលបានលើកឡើងថា ជំងឺកូវីដ១៩ នឹងហូរពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនអាចទទួលយកមិនបាន ទេនូវការលើកឡើងរបស់ ឧត្តមសេនីយ៍ វៀតណាមមួយរូបនេះ» ។ ពាក្យសម្តីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាការប្រមាថដល់ប្រទេស និងប្រជាជនកម្ពុជា ដែលត្រូវតែមានការសុំទោស។

សម្តេចក៏បានគូសបញ្ជាក់ដែរថា ការលើកឡើងរបស់សម្តេចនេះ គឺសំដៅតែលើបុគ្គលមេទ័ពវៀតណាម ងូ ស៊ុនចៀន តែប៉ុណ្ណោះ មិនសំដៅទៅរដ្ឋាភិបាល និងគណបក្សកុំម្មុយនីស្តវៀតណាមឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ មេទ័ពការពារព្រំដែនវៀតណាមបានរៀបចំសន្និសិទស្តីវិធានការការពារការឆ្លងជំងឺកូវីដ១៩តាមព្រំដែនវៀតណាម-កម្ពុជា។ នៅពេលនេះ លោក ងូ ស៊ុនចៀន បាននិ​យាយថា បើវៀតណាមមិនធ្វើការប្រុងប្រយ័ត្នទេ ជំងឺឆ្លងពីកម្ពុជានឹងចូលទៅវៀតណាម ដូចជំនន់ទឹកទន្លេមេគង្គ៕