ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង ២៨%

ភ្នំពេញ៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ១៧០លានដុល្លារ ពីការនាំចេញកង់ ថយចុះ ២៨.៧៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង ២៣៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលបញ្ជាក់ថា ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ ពីជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក។

គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ រួមមាន៖ ទី១៖ A AND J (CAMBODIA) CO.,LTD. ទី២៖ SPEEDTECH INDUSTRIAL CO., LTD. ទី៣៖ SMART TECH (CAMBODIA) CO.,LTD. ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD និងទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕