មនុស្ស១៤នាក់ស្លាប់ និងច្រើននាក់ទៀតរបួសក្នុងហេតុការណ៍ផ្ទុះ​ភ្នំភ្លើង Semeru នៅ​ឥណ្ឌូនេស៊ី ​

ហ្សា​ការតា ​៖ ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ​របស់​ប្រទេស​ឥណ្ឌូណេស៊ីបាន​ឲ្យ​ដឹង កាលពី​ថ្ងៃអាទិត្យ​ថា ការផ្ទុះ​ភ្នំភ្លើង Semeru បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់១៤នាក់ ​៥៦នាក់​ផ្សេងទៀត​បាន​រងរបួស​នៅលើ​កោះ Java និង១.៣០០នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​រងគ្រោះ​នោះ​ផងដែរ ខណៈដែល​ក្រុម​ជួយសង្គ្រោះ​បាន​ស្វែងរក​ជនរងគ្រោះ​នៅក្រោម​ស្រទាប់​ផេះ​។​

ភ្នំ Semeru ដែលជា​ភ្នំ​ខ្ពស់​ជាងគេ​នៅលើ​កោះ​ជ្វា បាន​ផ្ទុះឡើង កាលពី​ថ្ងៃ​សៅរ៍ ដោយបាន​គ្របដណ្តប់​មកលើ​ភូមិ​ក្បែរ​នោះ​ក្នុង​ខេត្ត​ជ្វា​ខាងកើត ហើយ​បានធ្វើឱ្យ​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ត្រូវ​ជម្លៀសចេញ​ភ្លាមៗ ផងដែរ​។​ ទន្ទឹម​នោះ អាជ្ញាធរ​បាន​និយាយថា ការផ្ទុះ​នេះ​បាន​បំផ្លាញ​អគារ និង​ស្ពាន​យុទ្ធសាស្ត្រ​ដែល​ត​ភ្ជាប់​តំបន់ ២ នៅក្នុង​សង្កាត់ Lumajang ក្បែរ​នោះ​ជាមួយ​ទីក្រុង Malang ។​

មន្ត្រី BNPB បាន​និយាយ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស១៤នាក់​ត្រូវបាន​សម្លាប់ ដែល ៩ នាក់​ត្រូវ​បានកំណត់​អត្តសញ្ញាណ ហើយ​មនុស្ស៥៦នាក់​បាន​រងរបួស ដែល​ភាគច្រើន​ត្រូវ​ឆេះ​ដោយសារ​ភ្លើង​៕