អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ប្រជាពលរដ្ឋ និងមនុស្សចាស់ត្រូវថែទាំសុខភាពឱ្យបានល្អ ពេលអាកាសធាតុចុះត្រជាក់

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១  បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងនៅបរិវេណសាលាដុនបូសស្កូ ស្ថិតនៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ។

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះមាន ៖ សង្កាត់លេខ១ ចំនួន ៣៨នាក់, សង្កាត់លេខ២ ចំន ៤៣នាក់, សង្កាត់លេខ៣ ចំនួន ១៤៨នាក់ និងសង្កាត់លេខ៤ ចំនួន ២៧៣នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងក្នុងក្រុងព្រះសីហនុ។ សម្តេចតេជោបានធ្វើការណែនាំឱ្យអាជ្ញាធរពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង និងមានអាយុច្រើន ម្យ៉ាងដោយសារអាកាសធាតុចុះត្រជាក់ចាប់ពីដើមខែធ្នូនេះ ជាការគំរាមកំហែងដល់សុខភាពរបស់បងប្អូននៅក្នុងមូលដ្ឋាន។ ហើយជារៀងរាល់ឆ្នាំនៅពេលចុះខ្យល់ត្រជាក់ប្រជាពលរដ្ឋមានការឆ្លងនូវជំងឺផ្តាសាយ ក៏ប៉ុន្តែឆ្នាំកន្លងមក ក៏ដូចឆ្នាំនេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលមានការគំរាមកំហែងនឹងជំងឺកូវីដ-១៩ ហើយនៅពេលចុះត្រជាក់ប្រជាជនយើងអាចប្រឈមនឹងជំងឺផ្តាសាយ ដូច្នេះយើងត្រូវការគ្រប់គ្រងជំងឺផ្តាសាយ និងជំងឺកូវីដទាំងអស់ គ្នា។

តាមការព្យាករណ៍កម្ពុជា មានការចុះត្រជាក់ជាងឆ្នាំកន្លងមក ទើបសម្តេចតេជោ បានធ្វើការណែនាំដល់អាជ្ញាធរយកអាវរងារ ភួយ ចែកជូនចាស់ជរា និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ដើម្បីប្រើប្រាស់ពាក់រក្សាកំដៅ ទប់ទល់ នឹងភាពត្រជាក់ ហើយនេះជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ ក៏ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរភូមិសង្កាត់ ក្រុមប្រឹក្សាសង្កាត់ គណៈអភិបាលក្រុងព្រះសីហនុ តែងតែគិតគូរពីការងារសន្តិសុខ សុវត្ថិភាព និងបរិស្ថាននៅមូលដ្ឋាន ជាពិសេស គឺសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងមូលដ្ឋាន និងស្វែងយល់ពីការលំបាក ការខ្វះខាតរបស់លោកយាយ លោកតាគ្រប់ពេលវេលា សូមលោកតាលោកយាយ បន្តគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបំរើបងប្អូនបន្តទៀត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រមទាំងបានអំពាវនាវដល់លោកយាយលោកតា ត្រូវថែទាំសុខភាពពេលអាកាសធាតុចុះត្រជាក់ត្រូវ ទី១.កុំឱ្យឆ្លងជំងឺកូវីដ ទី២.កុំឱ្យឆ្លងជំងឺផ្តាសាយ ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាតសុវត្ថិភាព ជាការ សំខាន់សម្រាប់ខ្លួនយើងក្រុមគ្រួសារកូនចៅរបស់យើងមានសុខភាពល្អ។

អំណោយដែលសម្តេចតេជោ ផ្តល់ជូនរួមមាន៖ អាវរងា ១ ភួយ ១ ក្រម៉ា ១ តែ ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកគោខាប់ ៦កំប៉ុង នំ ១ប្រអប់ ម៉ាស់ ១០ និងថវិកា ៥ម៉ឺនរៀល៕ ដោយ ៖ ទឹង សុភាព