គុនល្បុក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ប្រទេសជាសមាជិកនៃគណៈកម្មាធិការស៊ីហ្គេមបានសម្រេចដាក់បញ្ជូលកីឡាគុនខ្មែរ និងគុនល្បុកតោចូលក្នុងធម្មនុញ្ញស៊ីហ្គេម ដែលធ្វើឱ្យមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តរៀបចំការប្រកួតកីឡាប្រភេទនេះនៅតាមបណ្ដាប្រទេសផ្សេងទៀត។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់នៅថ្ងៃទី៤ ខែឧសភានេះថា ការឯកភាពពីបណ្ដាប្រទេសសមាជិក ពិសេសគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់នេះ គឺដើម្បីតបស្នងចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូររបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕