មនុស្ស៨នាក់ស្លាប់ និង១៣នាក់របួស ក្នុងករណីបាញ់ប្រហារនៅប្រទេសស៊ែប៊ី

បែលហ្ក្រាដ៖  មនុស្សចំនួន៨នាក់បានស្លាប់ និង១៣នាក់បានទទួលរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅជាយក្រុងមួយ ចម្ងាយប្រហែលជា ៦០គីឡូម៉ែត្រពីភាគខាងត្បូង​រដ្ឋធានីបែលហ្រ្កាដនៃប្រទេសស៊ែប៊ី។

ស្ថានីយទូរទស្សន៍ស៊ែប៊ី RTS បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារនោះបានកើតឡើង នៅជាយក្រុង ម៉្លាដេណូវ៉ាក់ (Mladenovac) ដោយខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ ជាមួយអាវុធប្រភេទស្វ័យប្រវត្តិ ដែលអាចបាញ់បានច្រើនគ្រាប់ក្នុងពេលត្រឹមប៉ុន្មាន​វិនាទី ចេញពីយានជំនិះមួយគ្រឿងដែលកំពុងបើកបរនៅលើផ្លូវ ហើយគេចខ្លួនបាត់។ ប៉ូលិសកំពុងតែបើកប្រតិបត្តិការស្វែងរកជនដៃដល់ម្នាក់នោះ។

សូមជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទើបតែមានករណីក្មេងប្រុសម្នាក់អាយុខ្ទង់១៣-១៤ឆ្នាំ បានបាញ់សម្លាប់កូនសិស្ស៨នាក់ទៀត ព្រមទាំងសន្តិសុខម្នាក់ នៅឯសាលារៀនមួយកន្លែងក្នុងទីក្រុងបែលហ្រ្កាដ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រទេសនៃតំបន់​បាល់កង់មួយនេះ៕