ឯកឧត្តម ហ៊ុន ម៉ានី៖ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅថ្ងៃនេះនឹងក្លាយជាប្រវត្តិសាស្ត្រដ៏ផូរផង់ក្នុងសម័យសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅថ្ងៃទី០៥ ខែឧសភា នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព។ ឯកឧត្តមមានមោទកភាពដែលនៅថ្ងៃនេះ កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ក្រោយកម្ពុជារង់ចំាអស់រយៈពេល ៦៤ឆ្នាំមកហើយ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងដូច្នេះថា៖ «ថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលយើងកម្រនឹងបានឃើញដោយផ្ទាល់។ ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជា បានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់»។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាអាចបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិ។

ឯកឧត្តមថា៖ «ដូច្នេះ ហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។ យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតីលើសពីការប្រកួត»។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី០៥-១៧ ខែឧសភា ហើយព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម (ជនពិការភាព) នឹងធ្វើឡើងពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡាសរុបចំនួន៣៧ប្រភេទ ស្មើនឹងជាង ៥០០វិញ្ញាសា ខណៈប្រភេទកីឡាខ្លះបានធ្វើឡើងមុនថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម។ ជាបឋមកម្ពុជាបានទទួលមេដាយនាំមុខប្រទេសសមាជិកអាស៊ានដទៃទៀត ដោយមេដាយមាស៥ និងប្រាក់៤៕