សាលាដំបូងខេត្តព្រះសីហនុបង្គាប់ឲ្យឃុំខ្លួនលោក ដេវីដឆាយណាវ៉ា ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ជាសាធារណៈ

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣ បានបង្គាប់ឲ្យឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្នដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ជាប់ពាក់ព័ន្ធនឹងករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាម ឃុំចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ ។

ជនត្រូវចោទ ត្រូវបានកម្លាំងសមត្តកកិច្ចនគរបាលចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ផាត់ ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តព្រះសីហនុ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ។
បច្ចុប្បន្ននេះ ជនត្រូវចោទ ដេវិដ ឆាណាយវ៉ា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តព្រះសីហនុ ជាបណ្តោះអាសន្ន។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោក ផាត់ ពៅ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ បានឲ្យដឹងថា  ជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ មាន មុខរបរ ជាសារព័ត៌មាន ទីកន្លែងកំណើតសង្កាត់លេខ៥ ភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ១២៦អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនត្រូវចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ” បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ដីកាដែលចុះហត្ថលេខានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយចៅក្រមស៊ើបសួរ ផាត់ ពៅ បានបង្គាប់៖
១.បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
២.បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣.បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ ត្រូវសហការអនុវត្តឱ្យបានល្អ នៅក្នុងករណីចាំបាច់៕ ដោយ៖ ទឹង សុភាព