គម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជាង១០លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង១០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។
តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ Z.S.M GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥.១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៨៨៦កន្លែង។
២៖ SUXINGMAX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.០៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,១៨៦កន្លែង។