គម្រោងកំពង់ផែពហុបំណងកំពត តម្លៃ ១៥០០លានដុល្លារ ឈានដល់ដំណាក់កាលចុះកិច្ចសន្យាឱ្យក្រុមហ៊ុនធ្វើការសាងសង់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ កំពង់ផែពហុបំណងកំពត រវាងក្រមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ​ អេនជីនារីង ខមភេនី អិលធីឌី ដើម្បីអនុញ្ញាតឱ្យក្រុមឆាយណា ហាបើរ ចាប់ផ្តើមធ្វើការសាងសង់នូវកំពង់ផែដ៏ថ្មីសន្លាងមួយនេះ។

ពីធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះបានធ្វើនៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលធ្វើការចុះហត្ថលេខាដោយអ្នកឧកញ៉ា មាស ធំ អគ្គនាយកក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក និងលោកស្រី LAN QIULI នាយកគ្រប់គ្រងនៃការិយាល័យ China Harbour Cambodia រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

គួរជម្រាបថា កំពង់ផែពហុបំណងកំពតបានបើកការដ្ឋានក្រោមអធិបតីភាពឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក ដែលបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត» នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អន ផត ឯ.ក ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន ដល់ ១០០,០០០តោនអាចចូលសំចតបាន។ ក្នុងការប្រតិបត្តិការអាជីវកម្មងាយស្រួលដល់អ្នកវិនិយោគទុនដូចជា ការនាំទំនិញចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបីផងដែរ ដែលអាចឲ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់អ្នកវិនិយោគទុនទូទៅគ្រប់ប្រភេទ។

បើតាមលោក Eddie k. Abbas ទីប្រឹក្សាអន្តរជាតិរបស់ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក បានឱ្យដឹងថា ការសម្រេចចិត្តក្នុងការធ្វើការវិយោគនៅកម្ពុជា ដោយសារតែក្រុមហ៊ុនបានមើលឃើញពីការរីកចំរើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទោះបីជាប្រទេសកម្ពុជាបានរងនូវសំពាធនៃជំងឺកូវីដ តែស្ថេរភាពនៃសេដ្ឋកិច្ចនៅតែអាចដំណើរការបាន ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងទាក់ទាញអ្នកវិនិយោគ។

លោក Eddie k. Abbas បានឱ្យដឹងទៀតថា ការដែលក្រុមហ៊ុនសម្រេចចិត្តក្នុងការធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជានោះ ដោយសារក្រុមហ៊ុនមើលឃើញថា វិស័យដឹកជញ្ជូន និងទីតាំងស្តុកទំនិញនៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយក្រុមហ៊ុនក៏ចង់ឃើញវិស័យដឹកជញ្ជូននៅកម្ពុជា មានលក្ខណៈល្អប្រសើរដូចក្នុងប្រទេសដ៏ទៃទៀត ជាពិសេសអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងរតំបន់អាស៊ានបានផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ដែលជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ ដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជា៖ កំពង់ផែមានជម្រៅទឹកជជាងគេ មានកោះជារបាំងខ្យល់ និងទឹករលកធំៗ ហើយមានទីតាំងស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូលក្នុងប្រទេស និងក្រៅប្រទេស ឬទំនិញឆ្លងកាត់ជាដើម។

ក្រុមហ៊ុន បានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២១ ហើយបាននឹងកំពុងពង្រីកជាបន្តបន្ទាប់ បច្ចុប្បន្ននេះកំពង់ផែបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យក្នុងការប្រតិបត្តិការការងារ។ ក្រុមហ៊ុនក៏បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាព និងបន្តពង្រឹងសមត្ថភាពដល់កម្មករនិងបុគ្គលិកជំនាញៗក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីពន្លឿនប្រតិបត្តិការការងារដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់សម្រាប់អតិថិជន និងអ្នកប្រើប្រាស់កំពង់ផែផងដែរ៕