សំបុត្រ ២២ ៥០០ នឹងចែកជូនដោយមិនគិតថ្លៃសម្រាប់ការប្រកួតវិញ្ញាសាបាល់ទាត់បុរសថ្ងៃទី៧ ខែឧសភា
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ថា សំបុត្រសម្រាប់ការប្រកួតនៅថ្ងៃទី៧ ឧសភា ២០២៣ លើវិញ្ញាសាបាល់ទាត់បុរស រវាង ទីម័រខាងកើត និង ឥណ្ឌូនេស៊ី រួមទាំង មីយ៉ាន់ម៉ា និងកម្ពុជា នឹងចែកជូនដោយមិនគិតថ្លៃនៅថ្ងៃស្អែក វេលាម៉ោង ៨ព្រឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ការចែកជូននេះនឹងធ្វើឡើងនៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមនុស្សចំនួន ២២ ៥០០នាក់ដែលមកមុនដំបូង នឹងអនុញ្ញាតអោយចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិដើម្បីទទួលយកសំបុត្រ។
សហព័ន្ធបានគូសបញ្ជាក់ថា ខ្លោងទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក នឹងបើកចាប់ពីម៉ោង ៦:០០នាទីព្រឹក។ ក្រោយពីរាប់ចំនួនមនុស្សឲ្យត្រូវតាមចំនួនសំបុត្រហើយនឹងធ្វើការបិទទ្វារពហុកីឡដ្ឋានជាតិ ដោយមិនអនុញ្ញាតអោយចូលក្នុងបរិវេណទៀតឡើយ ដើម្បីបញ្ជៀសនូវការរង់ចាំដោយមិនទទួលបានសំបុត្រ។
គួរឱ្យដឹងដែរថា សំបុត្រនេះចែកជា២ផ្នែកដោយតំបន់ A ចំនួន ២ ៥០០សំបុត្រ និង តំបន់ B ចំនួន ២០ ០០០សំបុត្រ៕