រយៈពេល ៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េប្រមាណ ៥ម៉ឺននាក់
ភ្នំពេញ៖ កម្ពុជាទទួលបានទេសចរកូរ៉េប្រមាណ ៥ម៉ឺននាក់ ដែលមានការកើនឡើង ១ ១១៥.៤% ធៀបនឹងរយៈ ពេលដូចគ្នា ឆ្នាំ២០២២។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បានឱ្យដឹងថា ត្រឹមរយៈពេល ៣ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរកូរ៉េ ៥២ ៥៧៨នាក់ មានការកើនឡើង ១ ១១៥.៤% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលនេះសបញ្ជាក់ថា ស្ថានភាពទេសចរណ៍កម្ពុជាកំពុងវិលទៅរកសភាពល្អប្រសើរឡើងវិញ ដោយកម្ពុជារំពឹងថានឹងទទួលបានទេសចរកូរ៉េប្រមាណ ៨ម៉ឺននាក់ សម្រាប់ឆ្នាំ២០២៣។
គួរឱ្យដឹងដែរថា កម្ពុជាទទួលបានទេសចរចំនួន ២ ២៧៦ ៦២៦នាក់ កើនឡើង ១ ០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរកូរ៉េមាន ចំនួន ៦៤ ០៤០នាក់ មានការកើនឡើង ៩៥៤.៣% បើធៀបនឹងឆ្នាំ២០២១។
ក្រសួងទេសចរណ៍បាន ដឹកនាំផ្នែកឯកជនជាង ១០ក្រុមហ៊ុនចូលរួមពិព័ណ៌ទេសចរណ៍អន្តរជាតិ Seoul International Travel Fair 2023 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជាឡើងវិញ និងបន្តផ្សព្វ ផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» និងកម្ពុជាជាគោលដៅទេសចរណ៍កីឡា «កីឡារស់ក្នុងសន្តិភាព» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ កម្ពុជាជាគោលដៅទេសចរណ៍ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព» ដោយផ្ដោតសំខាន់ទៅលើកីឡា និង MICE ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនខ្មែរដែលរស់នៅប្រទេសកូរ៉េ៕