WHO ៖ កូវីដ-១៩ មិនមែនជាភាពអាសន្នសុខភាពសកលទៀតទេ

ឡុងដ៍៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថាជំងឺកូវីដ១៩ លែងជា «ភាពអាសន្នសុខាភិបាលសកលទៀតហើយ» ដែលនេះជា ការបោះជំហានមួយដ៏ធំ ឆ្ពោះទៅរកការបិទបញ្ចប់នៃការឆ្លងរាតត្បាតនៃជំងឺមួយនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ៦.៩លាននាក់។

ការប្រកាសខាងលើធ្វើឡើងដោយប្រមុខអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់ បានជួបប្រជុំគ្នាជាលើកទី១៥ និងបានផ្ដល់អនុសាសន៍ឱ្យខ្ញុំប្រកាសបិទបញ្ចប់ភាពអាសន្នសុខាភិបាល សកល។ ខ្ញុំបានទទួលយកអនុសាសន៍នេះ ហើយខ្ញុំប្រកាសថាកូវីដ១៩លែងជាភាពអាសន្នសុខភិបាលសកលទៀតហើយ»។

សូមរម្លឹកថា គណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកថាកូវីដ១៩ ជាភាពអាសន្នសុខាភិបាលកាលពីជាង ៣ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕