សម្ដេចតេជោ ហ៊ុន សែន ចេញសារអរព្រះគុណព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ក្នុងឱកាសដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេស ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» របស់ចលនាអូឡាំពិកអន្តរជាតិពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងទិវាដ៏ប្រពៃថ្លៃថ្លាវិសេសវិសាលជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលបានទទួលនាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ព្រមទាំងបានលើកស្ទួយវិស័យកីឡាចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្តរជាតិ ពិសេសព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រ កោតសរសើរដ៏កក់ក្តៅជាអតិបរមា ចំពោះកិច្ចខំបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ជាតិប្រជាពលរដ្ឋជារៀងរហូតមក។

ជាថ្មីម្តងទៀត សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕