ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងនៅបរិវេណពហុកីឡដ្ឋានខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ

ខេត្តកំពង់ធំ៖  នៅថ្ងៃព្រឹក​ចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៣នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងវិញហើយ បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ១៩នោះ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋាន​ខេត្ត​កំពង់​ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិប​តីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីជាព្រះរាជបវេណីខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពី​សម្តេចវិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ព្រមទាំង​មន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដា​ប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់។

ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធី​បុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះ​មហា​ក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័ល​ទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។

ក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលកសិផល​មកពី​តាម​បណ្តាក្រសួង និងរាជធានី-ខេត្តផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជបវេណីដ៏សំខាន់ចាត់ទុក​ជាវ​ប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គ​តែ​ង​តែ​ដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ក្នុងព្រះរាជពិធីនេះ ក៏មានការរៀបចំចំណី៧មុខរួមមាន ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗទៅលើសត្វធាតុរបស់ប្រជាកសិករ៕