ក្មេងស្រីអាយុ២ខួបកន្លះដែលរងរបួសដោយសាររលាកទឹកក្តៅ ទទួលបានអំណោយពី ស.ស.ប.ស សាខាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្មេងស្រីតូចអាយុ២ខួបកន្លះ បានរងរបួសរលាកពេញខ្លួនដោយសារម្ដាយមានសតិមិនគ្រប់កំពុងដាំទឹកក្តៅស្រុះបន្លែ កាលពីថ្ងៃទី៤ឧសភាកន្លងទៅ នៅភូមិស្រែសាមី ឃុំតាឡាត ស្រុកសេសាន។

ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុមគ្រួសាររងគ្រោះទទួលបានអំណោយពីសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព(ស.ស.ប.ស)សាខាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ផឹក វិទ្យាវី និង លោក ជា គឹមវ៉ា អនុប្រធានសាខាខេត្ត ព្រមទាំងក្រុមការងារ ។

មានប្រសាសន៍នៅព្រឹកថ្ងៃទី៧ឧសភានេះ លោក ផឹក វិទ្យាវី ប្រធានស.ស.ប.ស សាខាខេត្តស្ទឹងត្រែងបានឲ្យដឹងថា ក្មេងស្រីដែលរងគ្រោះត្រូវរលាកទឹកក្តៅនោះមានឈ្មោះ វិល វិន អាយុ២ខួបកន្លះ និងម្តាយមានសតិមិនគ្រប់គ្រាន់ឈ្មោះ ប៉ាន់ ស្បាន់ អាយុ២៣ឆ្នាំ រស់នៅភូមិស្រែសាមី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

លោកប្រធានបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ជនពិការ ចាស់ជរា ដោយមិនទុកចោល ឬប្រកាន់ពូជសាសន៍និន្នាការនយោបាយអ្វីឡើយ ។ លោកថា ទោះបីជាអំណោយនេះមិនច្រើនក្តី តែក៏អាចជួយសម្រាលដល់ទុកលំបាកបានមួយគ្រាផងដែរ ។

លោក តន់ វិល អាយុ៥៣ឆ្នាំត្រូវជាឪពុកស្រ្តីមានសតិមិនគ្រប់បានរៀបរាប់ឲ្យដឹងថា កូនស្រីមានសតិមិនគ្រប់គ្រាន់នេះ ជាកូនទី៤ក្នុងចំណោមកូន៦នាក់ និងមានប្រពន្ធជាស្ត្រីពិការផងដែរ។ លោកបន្តថា ដោយកូនស្រីលោកមានសតិមិនគ្រប់គ្រាន់ហើយត្រូវបានជនមិនស្គាល់មុខបានចាប់រំលោភរហូតឲ្យមានផ្ទៃពោះរួចបន្សល់ទុកនៅចៅស្រីដ៏អភ័ព្វម្នាក់នេះអាយុ២ខួបកន្លះហើយក៏ត្រូវទទួលរងការរលាកទឹកក្តៅនេះគួរឲ្យអាណិតអាសូរណាស់ ។

ជុំវិញការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តលោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបានឲ្យដឹងថាៈក្មេងស្រីដែលរលាកទឹកក្តៅនោះមានអាការៈធូរស្រាលខ្លះហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានព្យាបាលដោយយកចិត្តទុកដាក់ ប៉ុន្តែក៏កំពុងស្ថិតក្នុងការតាមដានអាការៈបន្តទៀតពីសំណាក់ក្រុមគ្រូពេទ្យជំនាញផងដែរ ។

គួរបញ្ជាក់ថាៈអំណោយសប្បុរសធម៌ដែលត្រូវយកទៅផ្ដល់ជូនដល់គ្រួសារក្មេងស្រីរងគ្រោះដោយសាររលាកទឹកក្តៅខាងលើនេះ បានមកពីសប្បុរសរបស់លោកជំទាវ រ័ត្ន ស្រីណា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយស.ស.ប.ស.សាខាខេត្តស្ទឹងត្រែង រួមមាន៖ មី២កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកផ្លែឈើ១កេស, ត្រីខកំប៉ុង១យួរ, នំបំពង់២ប្រអប់, នំពងទា២ថង់, ទឹកដោះគោកូនក្មេង២យួរ, ទឹកដោះគោជូក្មេង២ដុំ, ខោអាវ៥ឈុត, សារ៉ុង៣, អាវរងារ២ និងថវិកា៣០ម៉ឺនរៀល និងបានឧបត្ថម្ភសន្តិសុខមន្ទីពេទ្យ២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល៕