ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ពោត សណ្តែក និងស្រូវបានផលច្រើន
ខេត្តកំពង់ធំ៖ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គោឧសភរាជ បានបរិភោគពោត សណ្ដែក និងស្រូវច្រើនជាងគេ ក្នុងចំណោមអាហារចំនួន ៧មុខ មានស្រូវ ពោត សណ្តែក ល្ងរ ស្មៅ ទឹក និងស្រា។
យោងតាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគពោត សណ្តែក និងស្រូវបាន ៩៥ភាគរយ។ បើតាមសងប្រថ្នូលទំនៀមទម្លាប់ព្រះរាជបនីនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ទិន្នផលកសិកម្មក្នុងរដូវវស្សាឆ្នាំនេះ គឺដំណាំពោត សណ្តែក និងស្រូវ នឹងទទួលបានផលច្រើន។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ បានប្រារព្ធឡើងនៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមរាជាធិបតីភាព ព្រះកុរណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត៕